(ស៉ីដនី)៖ មនុស្សច្រើនជាង ២,០០០នាក់ត្រូវបានណែនាំឱ្យជម្លៀសខ្លួន ចេញពីទីប្រជុំជនភាគខាងលិចនៃរដ្ឋ Victoria របស់ប្រទេសអូស្រ្តាលី ដោយសារតែមានភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ មិនអាចគ្រប់គ្រងបាន នៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ ២០២៤។

សេវាកម្មសង្រ្គោះបន្ទាន់ប្រចាំរដ្ឋ Victoria បានទទូចឱ្យអ្នកស្រុកជាង ២,០០០គ្រួសារនៃទីក្រុង Raglan និងទីក្រុង Beaufort ក៏ដូចជាតំបន់ជុំវិញនោះ ចាកចេញទៅកាន់ភាគខាងកើតក្បែរតំបន់ Ballarat ចម្ងាយ ៩៥គីឡូម៉ែត្រ ភាគខាងលិចទីក្រុង Melbourne។ ផ្ទៃដីទំហំ ៥០គីឡូម៉ែត្រក្រឡានៅភាគពាយព្យតំបន់ Ballarat ត្រូវឆាបឆេះអស់ ខណៈតំបន់ក្នុងទំហំស្រដៀងគ្នានេះ ក៏កំពុងរងការឆាបឆេះ មិនអាចគ្រប់គ្រងបាន ឆ្ពោះទៅភាគខាងលិចថែមទៀត។ អភិបាលរដ្ឋ លោកស្រី Jacinta Allan បាននិយាយថា ក្រុមពន្លត់អគ្គីភ័យជាង ១,០០០នាក់កំពុងទប់ទល់នឹងភ្លើងឆេះនេះ ហើយគាំទ្រដោយឧទ្ធម្ភាគចក្រ ២៤គ្រឿង និងយានយន្តជាង ១០០គ្រឿងផ្សេងទៀត។ ក្រៅពីនេះនឹងក្រុមផ្សេងទៅដល់បន្ថែមទៀត។ ក្រុមមន្រ្តីនិយាយថា នៅមិនទាន់មានរបាយការណ៍ នៃការខូចខាតទ្រព្យសម្បត្តិនោះទេ ប៉ុន្តែវាឆាប់ពេកក្នុងការវាយតម្លៃ។

គួរបញ្ជាក់ថា សីតុណ្ហភាពនៅឯភាគខាងលិចរដ្ឋ Victoria មានកម្រិតលើសពី ៤០អង្សាសេ គិតត្រឹមម៉ោង ៣រសៀល (ម៉ោងក្នុងតំបន់) ភ្លើងឆេះព្រៃនៅភាគខាងលិចតំបន់ Ballarat អាចនឹងកាន់តែអាក្រក់ទៅ ចាប់ពីពេលល្ងាចរហូតដល់ពាក់កណ្តាលយប់ នៅពេលធ្លាក់ខ្យល់៕

រូបភាពពី AFP