(សេអ៊ូល)៖ រដ្ឋមន្រ្តីការបរទេសថ្មីរបស់កូរ៉េខាងត្បូង លោក Cho Tae-yul នឹងបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ហើយបើកកិច្ចប្រជុំ​ជាមួយសមភាគីអាមេរិករបស់លោក គឺលោក Antony Blinken នាថ្ងៃទី២៨ ចុងខែកុម្ភៈនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក Lim Soo-suk ដែលជាអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង បានប្រកាសក្នុងសន្និសីទសារព័ត៌មានមួយថា លោក Cho នឹងឆ្ពោះទៅកាន់សហរដ្ឋអាមេរិក ក្រោយបំពេញទស្សនកិច្ចនៅប្រទេសប្រេស៉ីល ជាទីដែលលោកកំពុងចូលរួម កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស​នៃក្រុមប្រទេស G20។ បើតាមលោក Lim លោក Cho និងលោក Blinken គ្រោងពិភាក្សាគ្នាអំពីការពង្រឹងសមត្ថភាព ដើម្បីទប់ស្កាត់​ការគំរាមកំហែងពាក់ព័ន្ធកូរ៉េខាងជើង ហើយនិងអំពីសម្ព័ន្ធភាពយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាសកល រវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ថា គម្រោងទស្សនកិច្ចខាងលើ នឹងក្លាយជាទស្សនកិច្ចលើកទីមួយរបស់លោក Cho ទៅកាន់សហរដ្ឋអាមេរិក គិតចាប់តាំងតែពី​រូបលោក បានចូលកាន់តំណែងតួនាទី ជាប្រមុខការទូតកូរ៉េខាងត្បូងថ្មី កាលពីខែមករាកន្លងទៅ។ ចំណែកឯ ការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្រកាសក្នុងសប្តាហ៍នេះថា កិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យលើកទី៣ នឹងត្រូវរៀបចំនៅប្រទេសអាស៉ីបូព៌ាមួយនេះ នាខែក្រោយ៕

រូបភាពពី AFP