(តៃប៉ិ)៖ លោក Mike Gallagher ដែលជាប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការចិន របស់សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានព្រមានទីក្រុងប៉េកាំង នាថ្ងៃព្រហស្បតិ៍នេះថា ការប៉ុនប៉ងណាមួយដើម្បីឈ្លានពានលើកោះតៃវ៉ាន់ មុខជានឹងបរាជ័យមិនខានឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក Gallagher ដែលកំពុងដឹកនាំគណៈប្រតិភូតំណាងរាស្រ្តអាមេរិក មានសមាជិកសរុប៥នាក់ ក្នុងដំណើរបំពេញទស្សនកិច្ចនៅតៃវ៉ាន់ បានលើកឡើងយ៉ាងដូច្នេះថា «សារដែលយើងចង់ផ្ញើពីសំណាក់ ក្រុមតំណាងរាស្រ្តអាមេរិកទាំងពីរគណបក្ស គឺប្រសិនបើលោក ស៉ី ជីនពីង (ប្រធានាធិបតីចិន) ហើយនិងគណបបក្សកុម្មុយនិស្តចិន សម្រេចចិត្តព្យាយាមឈ្លានពានលើកោះតៃវ៉ាន់ កិច្ចប្រឹងប្រែងបែបនោះ ច្បាស់ជានឹងទទួលបរាជ័យ»

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូតំណាងរាស្ត្រអាមេរិកនេះកើតមានឡើង ក្រោយលោក Lai Ching-te មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ជាបក្សកាន់អំណាចនៅតៃវ៉ាន់សព្វថ្ងៃ និងជាមនុស្សម្នាក់ដែលចិនចាត់ទុកថាជា «មេបង្កបញ្ហា និងជនឧទ្ទាម» បានជាប់ឆ្នោតជាមេដឹកនាំថ្មីរបស់តៃវ៉ាន់ នៅក្នុងការបោះឆ្នោតសកល កាលពីខែមករា៕

រូបភាពពី AFP