(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃពុធសប្តាហ៍នេះបានថ្កោលទោសលើការបិទសេវាអ៉ីនធឺណេត រួមទាំងការរឹតត្បិតលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយទទូចឱ្យរដ្ឋាភិបាលប៉ាគីស្ថានដកចេញនូវវិធានការបែបនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ ២០២៤។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានប្រាប់ក្រុមអ្នកយកព័ត៌មានថា «យើងមានការព្រួយបារម្ភ ជុំវិញរបាយការណ៍នានាថា មានសកម្មភាពរឹតត្បិតលើការអនុវត្ត សេរីភាពបញ្ចេញមតិក្នុងសង្គមប៉ាគីស្ថាន រួមទាំងការបិទសេវាអ៉ីនធឺណេត ដែលរដ្ឋាភិបាលបានកំណត់ទៅតាមផ្នែក ជាក់ស្តែងទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមតែម្តង»

លោក Miller បាននិយាយថា ទីក្រុងវ៉ាស៉ីនតោនអំពាវនាវឱ្យប៉ាគីស្ថាន គោរពសេរីភាពនៃការបញ្ចេញមតិ ហើយបើកឱ្យប្រព័ន្ធផ្សព្វសង្គម ដែលត្រូវបានបិទពីមុនដំណើរការឡើងវិញ រួមទាំងបណ្តាញសង្គម Twitter ផងដែរ។ ក្តីបារម្ភរបស់សហរដ្ឋអាមេរិក គឺពាក់ព័ន្ធនឹងការទាក់ទងទៅ ប៉ាគីស្ថានតាមរយៈគណនីផ្លូវការ។

គួរបញ្ជាក់ថា ក្រុមអ្នកតស៊ូមតិលើការត្រួតពិនិត្យសេវាកម្មអ៉ីនធឺណិត ក្នុងប្រទេសប៉ាគីស្ថាន បានចង្អុលបង្ហាញថា មានការដាច់ និងរឹតបន្តឹងលើការប្រើប្រាស់ បន្ទាប់ពីមានតវ៉ាក្រោយការបោះឆ្នោតជាតិ។ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប បានសម្តែងក្តីបារម្ភដាច់ដោយឡែកពីគ្នា អំពីស្ថានភាពក្នុងប្រទេសក្រោយការបោះឆ្នោត៕

រូបភាពពី Reuters