(ប្រាស៉ីលីយ៉ា)៖ រដ្ឋមន្រ្តីការបរទេសតួកគី លោក Hakan Fidan បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ដើរតួនាទីសកម្មជាងមុនដើម្បីឆ្ពោះ​ទៅសម្រេចឱ្យបាន នូវបទឈប់បាញ់ជាបន្ទាន់ សម្រាប់សង្រ្គាមនៅតំបន់ហ្កាហ្សា និងដំណោះស្រាយរដ្ឋពីរ សម្រាប់ជម្លោះអ៉ីស្រាអែល-ប៉ាឡេស្ទីន អំលុងកិច្ចប្រជុំ G20 នៅឯប្រទេសប្រេស៉ីល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។

អំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃក្រុមប្រទេស G20 នៅទីក្រុង Rio de Janeiro កាលពីថ្ងៃពុធសប្តាហ៍នេះ លោកប្រមុខការទូតតួកគី បាននិយាយថា ភាពសាហាវឃោរឃៅនៅ Gaza ចាំបាច់ត្រូវតែបញ្ឈប់ ហើយលោកបានពិភាក្សាអំពីជំហាន ដើម្បីឆ្ពោះទៅសម្រេចឱ្យបាន ​នូវបទឈប់បាញ់បន្ទាន់មួយ ព្រមទាំងដើម្បីនាំយកជំនួយបន្ថែមទៀតទៅដល់ ដៃប្រជាជននៅដែនដីប៉ាឡេស្ទីនមួយនេះ អំឡុងជំនួបជាមួយ​សមភាគី មកពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងអេហ្ស៉ីប ជាដើម។

ទន្ទឹមគ្នានោះ លោក Fidan ក៏បានលើកឡើងផងដែរថា ការដែលការសម្រេចចិត្តស្តីពីបទឈប់បាញ់ មិនអាចត្រូវបានអនុម័តជាថ្មីម្តងទៀត ដោយក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UN) គឺស្តែងឱ្យឃើញយ៉ាងច្បាស់ថា វាចាំបាច់ដែលស្ថាប័ននេះត្រូវតែធ្វើការធ្វើកំណែទម្រង់ ដោយ​លោកចង់សំដៅលើ ការបោះឆ្នោតវេតូជាលើកទី៣ ពីសំណាក់សហរដ្ឋអាមេរិក លើដំណោះស្រាយអំពាវនាវឱ្យមានបទឈប់បាញ់ នៅក្រុមប្រឹក្សាសន្តិសុខ UN ក្នុងសប្តាហ៍នេះ។

គួរបញ្ជាក់ថា តួកគីធ្លាប់បានចេញមុខជាច្រើនលើកច្រើនសា អំពាវនាវឱ្យមានបទឈប់បាញ់សម្រាប់សង្រ្គាមនៅតំបន់ Gaza ដែលបាន​សម្លាប់មនុស្សកើនជិតដល់ ៣០,០០០នាក់ហើយ។ កន្លងមក ទីក្រុងអង់ការ៉ាបានរិះគន់ធ្ងន់ៗចំពោះអ៉ីស្រាអែល សម្រាប់ការវាយប្រហារនៅ​ Gaza ហើយបានគាំទ្រចំណាត់ការ ដើម្បីព្យាយាមឱ្យអ៉ីស្រាអែល ត្រូវប្រឈមមុខនឹងផ្លូវច្បាប់នៅតុលាការអន្តរជាតិ ក្រោមការចោទប្រកាន់ពី ​បទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ថែមទៀត។

ផ្ទុយពីសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន និងប្រទេសអារ៉ាប់មួយចំនួន នៅតំបន់ឈូងសមុទ្រពែក្ស តួកគីដែលជាសមាជិក NATO ពុំចាត់ទុកក្រុមហាម៉ាសជាអង្គការភេរវករឡើយ។ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ ដែលគ្រប់គ្រងតំបន់ Gaza បានឆ្មក់វាយប្រហារក្នុងទ្រង់ទ្រាយធំ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន លើអ៉ីស្រាអែល ជាហេតុនាំឱ្យអ៉ីស្រាអែល បើកប្រតិបត្តិការយោធាសងសឹកវិញ៕

រូបភាពពី Reuters