(ព្រុចសែល)៖ បណ្តាប្រទេសសហភាពអឺរ៉ុប (EU) បានឯកភាពគ្នាកាលពីថ្ងៃពុធសប្តាហ៍នេះ ក្នុងការដាក់ចេញនូវកញ្ចប់ទណ្ឌកម្មទី ១៣ ប្រឆាំងរុស្ស៉ី ដោយកំណត់គោលដៅលើក្រុមបុគ្គល និងអាជីវកម្មដែលជាប់សង្ស័យថា បានជួយដល់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ ២០២៤។

ការសម្រេចនេះធ្វើឡើងខណៈដែលជិតដល់ខួប ២ឆ្នាំនៃការឈ្លានពានរបស់រុស្ស៉ី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២។ បែលហ្សិក ដែលកាន់តំណែងជាប្រធានប្តូរវេននៃប្លុកទាំង ២៧ប្រទេស បាននិយាយថា នេះជាកញ្ចប់ទណ្ឌកម្មដ៏ធំមួយដែលអនុម័តដោយ EU។ បើតាមក្រុមអ្នកការទូត ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាសមាជិក EU បានយល់ស្របគ្នាដាក់ចេញនូវទណ្ឌកម្មលើក្រុមហ៊ុន និងបុគ្គលប្រហែល ២០០ ក្នុងនោះក៏មានក្រុមហ៊ុនចិនមួយចំនួនដែលគេជឿជាក់ថាបានជួយដល់រុស្ស៉ី។

កញ្ចប់ទណ្ឌកម្មថ្មីនេះ នឹងពង្រឹងការរឹតត្បិតលើពាណិជ្ជកម្មប្រឆាំងនឹងអង្គភាព ដែលពាក់ព័ន្ធនឹងឧស្សាហកម្មយោធារុស្ស៉ី ហើយបន្ថែមការហាមឃាត់លើការនាំចេញទៅកាន់រុស្ស៉ី ដូចជាសម្ភារបច្ចេកវិទ្យាទំនើបសម្រាប់ផលិតយន្តហោះដ្រូន ជាដើម។ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានគូសបញ្ជាក់ថា «ខ្ញុំសូមស្វាគមន៍ចំពោះការព្រមព្រៀងគ្នាលើទណ្ឌកម្មទី ១៣នេះ។ យើងត្រូវបន្តរារាំងដល់ដំណើរការសង្រ្គាមរបស់ លោក ពូទីន»

គួរបញ្ជាក់ថា សហភាពអឺរ៉ុប បានចេញនូវទណ្ឌកម្មជាច្រើនប្រឆាំងរុស្ស៉ី ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង ដោយកំណត់គោលដៅលើវិស័យថាមពល ធនាគារ ក្រុមហ៊ុនជីកយករ៉ែពេជ្យដ៏ធំរបស់រុស្ស៉ី អាជីវកម្ម និងទីផ្សារ រួមទាំងការបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ការធ្វើដំណើររបស់មន្រ្តីសំខាន់ៗរុស្ស៉ី៕

រូបភាពពី Reuters