(ប្រាក)៖ ក្រសួងការពារជាតិរបស់សាធារណរដ្ឋឆែក បានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះថា ឆែកកំពុងកិច្ចចរចាជាមួយអាល្លឺម៉ង់ ដើម្បីទទួលបានរថក្រោះ Leopard 2A4 ចំនួន ១៥គ្រឿងជាអំណោយតបស្នងចំពោះការគាំទ្រផ្នែកយោធារបស់ខ្លួន សម្រាប់អ៊ុយក្រែន រួមទាំងលទ្ធភាពទិញរថក្រោះប្រភេទនេះ ១៥គ្រឿងទៀតពីឧស្សាហកម្មការពារជាតិអាល្លឺម៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ ២០២៤។

ថ្មីៗនេះ សាធារណរដ្ឋឆែក ទទួលបានអំណោយជារថក្រោះ Leopard 2A4 ពីអាល្លឺម៉ង់ ហើយក៏គ្រោងនឹងបញ្ជាទិញ Leopard ស៊េរី 2A8 ដ៏ទំនើបបំផុតមួយចំនួនទៀត ដែលគ្រោងនឹងចែកចាយនៅប៉ុន្មានឆ្នាំខាងមុខនេះ។ បើតាមក្រសួងការពារជាតិឆែក រថក្រោះបន្ថែមចំនួន ១៥គ្រឿងទៀត ដែលត្រូវទិញក្នុងតម្លៃថោកជាងខ្ទង់រយលានអឺរ៉ូ នឹងជួយកែលម្អសមត្ថភាពការពារជាតិរបស់ប្រទេស ចំពេលមានការផ្លាស់ប្តូរសម្ភារយោធាសល់ពីសម័យសូវៀត ដែលខ្លួនបានបរិច្ចាគយ៉ាងច្រើនទៅដល់អ៊ុយក្រែន។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ បានបញ្ជាក់ថា «ប្រសិនបើការចរចាបច្ចុប្បន្នបញ្ចប់ទៅដោយជោគជ័យ សាធារណរដ្ឋឆែកនឹងមានរថក្រោះប្រយុទ្ធ Leopard 2A4 ចំនួន ៤២គ្រឿង និងរថក្រោះឡើងស៊េរីដូចគ្នានេះបន្ថែមទៀត។ ក្រោយឆ្នាំ ២០៣០ កងទ័ពឆែកអាចមានរថក្រោះ Leopard ទាំងពីរស៊េរីនេះ ជាង ១០០គ្រឿងនៅក្នុងការប្រើប្រាស់ និងបម្រុងទុក»។

គួរបញ្ជាក់ថា រថក្រោះ Leopard ត្រូវបានផលិតរួមគ្នា ដោយក្រុមហ៊ុនអាវុធ Rheinmetall និងក្រុមហ៊ុន Krauss-Maffei Wegmann របស់អាល្លឺម៉ង់។ រដ្ឋាភិបាលឆែក បាននិងកំពុងពិភាក្សាទិញរថក្រោះ Leopard 2A8 ប្រហែល ៧០គ្រឿងពីឧស្សាហកម្មការពារជាតិទាំងពីរនេះ ជាមួយរដ្ឋាភិបាលអាល្លឺម៉ង់៕

រូបភាពពី Reuters