(កៀវ)៖ ប្រធានធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយបន្ធូរបន្ថយស្ថានការណ៍ ជុំវិញការបាត់បង់ទីក្រុង Avdiivka ស្ថិតនៅភាគខាងកើត នៃប្រទេសទៅក្នុងដៃកងកម្លាំងរុស្ស៉ី ជាមួយការអំពាវនាវឱ្យមានការបញ្ជូនជំនួយយោធាយ៉ាងឆាប់រហ័សពីសំណាក់សម្ព័ន្ធមិត្តលោកខាងលិច ខណៈសង្រ្គាម ប្រឆាំងរុស្ស៉ី ជិតឈានចូលគម្រប់ខួប២ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។

កងទ័ពរុស្ស៉ី បានចូលគ្រប់គ្រងទីក្រុង Avdiivka កាលពីសប្ដាហ៍មុន ហើយនេះគឺជាជ័យជម្នះធំបំផុតមួយនៅលើសមរភូមិ ចាប់តាំងពីកងកម្លាំងរបស់ខ្លួនវាយ ដណ្ដើមកាន់កាប់ទីក្រុង Bakhmut កាលពីខែឧសភា ឆ្នាំមុន។ លោក ហ្សេលេនស្គី នៅក្នុងសម្រង់សម្ដីមួយពីកិច្ចសម្ភាសន៍របស់លោកជាមួយទូរទស្សន៍អាមេរិក Fox News ដែលត្រូវបានចាក់ផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានទទួលស្គាល់ថាស្ថានការណ៍នៅលើសមរភូមិកាលពីឆ្នាំ២០២៣ មានភាពស្មុគស្មាញបំផុត សម្រាប់អ៊ុយក្រែន ជាពិសេសគឺជិតដាច់ឆ្នាំ២០២៣តែម្ដង។

ប៉ុន្តែ ដោយមិនផ្តោតលើការបាត់បង់ទីក្រុង Avdiivka ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានលើកឡើងពីជ័យជម្នះរបស់កងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ Kharkiv ជាទីដែលលោកបានផ្ដល់បទសម្ភាសន៍ជាមួយ Fox News អំឡុងចុះសួរសុខទុក្ខកងទ័ព។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ក្នុងរយៈពេល២ឆ្នាំ មកនេះ យើងដណ្ដើមបានទឹកដីជាច្រើននៃតំបន់ Kharkiv មកវិញ។ បច្ចុប្បន្នយើងកំពុងស្ថិតនៅក្នុងតំបន់នេះ...ហើយយើងបានបំបែកការបិទខ្ទប់នៅសមុទ្រខ្មៅ ដោយបានបាញ់កម្ទេចនាវាចម្បាំងរុស្ស៉ីជាច្រើនគ្រឿង»

ក្នុងកិច្ចសម្ភាសន៍នោះ លោក ហ្សេលេនស្គី ក៏បានបង្ហាញពីការមិនសប្បាយចិត្តផងដែរ ចំពោះការយឺតយ៉ាវពាក់ព័ន្ធនឹងការផ្ដល់ជំនួយយោធាពីបណ្ដាប្រទេស លោកខាងលិច តែមិនបានលើកចំឈ្មោះសហរដ្ឋអាមេរិកនោះទេ។ ព្រឹទ្ធសភាអាមេរិកបានអនុម័តលើកញ្ចប់ថវិកាជំនួយ ៩៥ពាន់លានដុល្លារ ក្នុងនោះរួមមានទាំងជំនួយសម្រាប់អ៉ីស្រាអែល និងអ៊ុយក្រែន តែកំពុងជាប់គាំងនៅក្នុងសភាតំណាងរាស្ត្រអាមេរិក។

គួរបញ្ជាក់ថា ក្រុមអ្នកវិភាគរុស្ស៉ី បាននិយាយថាការដណ្ដើមបានទីក្រុង Avdiivka នឹងផ្ដល់ភាពងាយស្រួលដល់កងកម្លាំងរុស្ស៉ី ក្នុងការទប់ស្កាត់ការបាញ់ផ្លោង របស់កងកម្លាំងអ៊ុយក្រែនក្នុងតំបន់ Donetsk ហើយអាចប្រើប្រាស់ទីក្រុងនេះជាមូលដ្ឋានមួយដើម្បីវាយដណ្ដើមទឹកដីបន្ថែមទៀតក្នុងតំបន់ Donetsk និង Luhansk៕

រូបភាពពី Reuters