(រីយ៉ូ ដឺ ហ្សាណេរ៉ូ)៖ រដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Mauro Vieira បានរិះគន់ចំពោះអសមត្ថភាពរបស់ក្រុមប្រឹក្សាសន្តិសុខ UN ក្នុងការដោះស្រាយ បញ្ហាសង្រ្គាមនៅហ្កាហ្សា និងសង្រ្គាមអ៊ុយក្រែន ខណៈរូបលោកប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 កាលពីថ្ងៃពុធ ទី២១ ខែកុម្ភៈដែលជាកិច្ចប្រជុំ មួយបង្ហាញពីការបែកបាក់កាន់តែស៊ីជម្រៅរបស់សហគមន៍អន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 មានរយៈពេល ២ថ្ងៃ ដែលប្រព្រឹត្តទៅក្នុងទីក្រុង Rio de Janeiro និងមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov ផងនោះ លោក Mauro Vieira បាននិយាយថាការផ្ទុះឡើងនូវសង្រ្គាមនៅជុំវិញ ពិភពលោក បានបង្ហាញថាស្ថាប័នអន្តរជាតិ តួយ៉ាងដូចជាអង្គការសហប្រជាជាតិមិនមានដំណើរការឡើយ។

លោក Vieira បន្ថែមថា ស្ថាប័នពហុភាគីមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងពេលបច្ចុប្បន្ននេះទេ ហើយវាជារឿង មិនអាចទទួលយកបាននោះទេដែលក្រុមប្រឹក្សាសន្តិសុខ UN ក៏អសមត្ថភាពដោះស្រាយជម្លោះកំពុងកើតមានដែរនោះ។

គួរបញ្ជាក់ថា ប្រេស៊ីលក្នុងឆ្នាំ២០២៤នេះ គឺជាប្រធានប្ដូរវេនរបស់ G20 ដោយបានទទួលយកតំណែងនេះពីប្រទេសឥណ្ឌា កាលពីខែធ្នូ ឆ្នាំមុន៕

រូបភាពពី Reuters