(តៃប៉ិ)៖ គណៈប្រតិភូតំណាងរាស្ត្រអាមេរិកមួយក្រុមដឹកនាំដោយតំណាងរាស្ត្រអាមេរិក លោក Mike Gallagher ដែលជាប្រធានគណៈកម្មាធិការ សភាតំណាងរាស្ត្រអាមេរិកស្ដីពីចិន និងជាអ្នករិះគន់ទីក្រុងប៉េកាំងឥតសំច្ចៃមាត់ម្នាក់ បានធ្វើដំណើរទៅដល់កោះតៃវ៉ាន់ហើយ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ដើម្បីជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកំពូលៗរបស់ដែនកោះមួយនេះ។ នេះបើតាមការបញ្ជាក់ពីរដ្ឋាភិបាលតៃវ៉ាន់ ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូតំណាងរាស្ត្រអាមេរិកនេះកើតមានឡើង ក្រោយលោក Lai Ching-te មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យជាបក្ស កាន់អំណាចនៅតៃវ៉ាន់សព្វថ្ងៃ និងជាមនុស្សម្នាក់ដែលចិនចាត់ទុកថាជា «មេបង្កបញ្ហា និងជនឧទ្ទាម» បានជាប់ឆ្នោតជាមេដឹកនាំថ្មីរបស់តៃវ៉ាន់ នៅក្នុង ការបោះឆ្នោតសកល កាលពីខែមករា។​

តាមសេចក្ដីថ្លែងការណ៍មួយរបស់ការិយាល័យមេដឹកនាំតៃវ៉ាន់ គណៈប្រតិភូតំណាងរាស្ត្រអាមេរិក នឹងត្រូវជួបមេដឹកនាំតៃវ៉ាន់លោកស្រី Tsai Ing-wen និងលោក Lai Ching-te នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ សេចក្ដីថ្លែងការណ៍នេះដដែលក៏បានសង្កត់ធ្ងន់ផងដែរថាដំណើរទស្សនកិច្ចនេះបានបង្ហាញពី ការគាំទ្រយ៉ាងមុតមាំរបស់សភាទាំង២ របស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់។

គួរបញ្ជាក់ថា គណៈប្រតិភូតំណាងរាស្ត្រអាមេរិក នឹងបន្តស្នាក់នៅកោះតៃវ៉ាន់រហូតដល់ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ជាផ្នែកមួយនៃដំណើរទស្សនកិច្ចមួយ មកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក៕

រូបភាពពី Reuters