(ឌបៃ)៖ អ៉ីរ៉ង់ បានផ្គត់ផ្គង់ឱ្យរុស្ស៉ីនូវមីស៊ីលបាលិស្ទីគក្នុងចំនួនដ៏ច្រើន ស្របពេលប្រទេសទាំង២ ដែលសុទ្ធសឹងតែជាប់ទណ្ឌកម្មរបស់ សហរដ្ឋអាមេរិក កំពុងពង្រឹងកិច្ចសហប្រតិបត្តិការយោធាកាន់តែស៊ីជម្រៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។

ទីភ្នាក់ងារសារព័ត៌មាន Reuters ផ្អែកលើប្រភពពីមន្ត្រីអ៉ីរ៉ង់៣នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថាអ៉ីរ៉ង់បានផ្គត់ផ្គង់រុស្ស៉ីនូវ មីស៊ីលចំនួន ៤០០គ្រាប់ ក្នុងនោះរួមមានទាំងមីស៊ីលបាលស្ទីគ Zolfaghar ហើយដែលមីស៊ីលប្រភេទត្រូវបានអ្នកជំនាញបញ្ជាក់ថា មានសមត្ថភាពបាញ់បានចម្ងាយពី៣០០ ដល់៧០០គីឡូម៉ែត្រ។

ប៉ុន្តែ ក្រសួងការពារជាតិ និងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ដែលទទួលបន្ទុកលើកម្មវិធីមីស៊ីលបាលិស្ទីគរបស់អ៉ីរ៉ង់បានបដិសេធធ្វើការអត្ថាធិប្បាយ រីឯក្រសួងការពារជាតិរុស្ស៉ីវិញមិនបានឆ្លើយតបភ្លាមៗទៅនឹងការស្នើសុំការអត្ថាធិប្បាយនៅឡើយទេ។

គួរបញ្ជាក់ថា បើតាមប្រភពដែល Reuters ទទួលបាន ការដឹកជញ្ជូនមីស៊ីលទៅឱ្យរុស្ស៉ី ធ្វើឡើងកាលពីដើមខែមករា ឆ្នាំ២០២៤ បន្ទាប់ពី កិច្ចព្រមព្រៀងមួយត្រូវបានសម្រេចឡើងជាស្ថាពរក្នុងកិច្ចប្រជុំមួយរវាងក្រុមមន្ត្រីយោធារុស្ស៉ី និងអ៉ីរ៉ង់កាលពីចុងឆ្នាំ២០២៣ នៅក្នុងទីក្រុង តេហេរ៉ង់ និងទីក្រុងមូស្គូ៕

រូបភាពពី Reuters