(បេរូត)៖ អ៊ីស្រាអែល​នៅថ្ងៃពុធសប្តាហ៍នេះ បានបើកការវាយប្រហារនៅភាគខាត្បូង​ប្រទេសលីបង់ដោយបានសម្លាប់ស្ត្រីម្នាក់​និងកុមារម្នាក់ មួយថ្ងៃបន្ទាប់ពីក្រុម​ហេសបូឡាលីបង់ បាន​ប្តេជ្ញា​ថា​នឹងបង់ថ្លៃដល់អ៊ីស្រាអែល សម្រាប់ការសម្លាប់ជនស៊ីវិល នៅក្នុងជម្លោះឆ្លងកាត់ព្រំដែនអ៊ីស្រាអែល-លីបង់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

យោងតាមប្រភពសន្តិសុខពីរ និងប្រភពវេជ្ជសាស្ត្របានឱ្យដឹងថា ស្ត្រី និងក្មេងស្រីម្នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅក្នុងភូមិ Majdal Zoun ចម្ងាយប្រហែល ៦គីឡូម៉ែត្រពីព្រំដែន។​

ចលនាហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់តបតជាមួយអ៊ីស្រាអែល ចាប់តាំងពីការវាយប្រហារបានចាប់ផ្តើមនៅថ្ងៃទី ៧ ខែតុលា នៅក្នុងយុទ្ធនាការមួយដែលហេសបូឡានិយាយថាមានគោលបំណងគាំទ្រប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Avichay Adraee បាននិយាយថា កងទ័ពអ៊ីស្រាអែលបានធ្វើការវាយប្រហារលើ «អគារយោធា» នៅក្នុងភូមិ Yaroun ភាគខាងត្បូងប្រទេសលីបង់ ហើយយន្តហោះចម្បាំងអ៊ីស្រាអែលបានបើកការវាយឆ្មក់ ទៅលើទីស្នាក់ការកណ្តាលប្រតិបត្តិការរបស់ក្រុមហេសបូឡា ចំនួនបីនៅក្នុងខាងត្បូង។

គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៨ ខែតុលា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនស៊ីវិលប្រហែល ៥០ នាក់នៅក្នុងប្រទេសលីបង់ បន្ថែមពីលើអ្នកប្រយុទ្ធហេសបូឡាហ៍ ជិត ២០០នាក់។

ការ​វាយប្រហារពីប្រទេសលីបង់​ទៅកាន់ប្រទេស​អ៊ីស្រាអែល​បានបណ្តាលឲ្យទាហានអ៊ីស្រាអែល​១០​នាក់​ស្លាប់​និង​ជនស៊ីវិល​៥​នាក់​។ អំពើហិង្សានេះ​បានធ្វើឲ្យមនុស្ស​រាប់ម៉ឺននាក់​ភៀសខ្លួននៅសងខាង​ព្រំដែន៕