(ហ្សេរុយសាឡឹម)៖ សភាអ៊ីស្រាអែលបានបោះឆ្នោតនៅថ្ងៃពុធសប្តាហ៍នេះ ដើម្បីគាំទ្រសេចក្តីប្រកាសរបស់នាយករដ្ឋមន្រ្តី លោក Benjamin Netanyahu ដែលប្រឆាំងនឹងការបង្កើតរដ្ឋប៉ាឡេស្ទីនជា «ឯកតោភាគី» បន្ទាប់ពីមានការអំពាវនាវជាអន្តរជាតិឱ្យមានការស្តារឡើងវិញ នូវកិច្ចខិតខំប្រឹងប្រែងដើម្បីឈានទៅដល់ដំណោះស្រាយរដ្ឋពីរ ចំពោះជម្លោះអស់ជាច្រើនទសវត្សរ៍មកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

គណបក្ស Likud របស់លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិកសភាចំនួន ៩៩ នាក់ក្នុងចំណោម ១២០ នាក់បានបោះឆ្នោតគាំទ្រសេចក្តីប្រកាស ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលកាលពីដើមសប្តាហ៍នេះ។

ជំហររបស់អ៊ីស្រាអែលក៏និយាយផងដែរថា រាល់កិច្ចព្រមព្រៀងអចិន្ត្រៃយ៍ជាមួយប៉ាឡេស្ទីនត្រូវតែឈានដល់តាមរយៈការចរចាដោយផ្ទាល់រវាងភាគីនានា ហើយមិនត្រូវរងឥទ្ធិពលពីការណែនាំអន្តរជាតិឡើយ។

លោក Netanyahu បាននិយាយថា «សភាបានប្រមូលផ្តុំគ្នាក្នុងសំឡេងភាគច្រើនលើសលប់ប្រឆាំងនឹងការប៉ុនប៉ងដាក់បន្ទុកលើពួកយើង នូវការបង្កើតរដ្ឋប៉ាឡេស្ទីន ដែលនឹងមិនត្រឹមតែបរាជ័យក្នុងការនាំមកនូវសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កគ្រោះថ្នាក់ដល់រដ្ឋអ៊ីស្រាអែលផងដែរ»

រូបភាពពី Reuters