(ហ្គាហ្សា)៖ អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit នៅថ្ងៃពុធនេះបានថ្កោលទោស ការវេតូរបស់សហរដ្ឋអាមេរិកដែលប្រឆាំង នឹងដំណោះស្រាយដែលអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

សេចក្តីថ្លែងការណ៍បាននិយាយថា លោក Abu Gheit បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់សហរដ្ឋអាមេរិក ដែលនេះជាលើកទីបីហើយដែលសហរដ្ឋអាមេរិក បានធ្វើអន្តរាគមន៍រារាំងដំណោះស្រាយបទឈប់បាញ់នៅហ្គាហ្សា ចាប់តាំងពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានផ្ទុះឡើងកាលពីខែតុលាឆ្នាំមុន។ លោកនិយាយទៀតថា មុខតំណែងរបស់អាមេរិកបានធ្វើឱ្យខូចដល់ភាពជឿជាក់នៃប្រព័ន្ធអន្តរជាតិ និងបានបង្កឱ្យមានពិការភាពដល់អង្គការសហប្រជាជាតិ។

លោក Aboul Gheit ក៏បានសង្កត់ធ្ងន់លើ «ទំនួលខុសត្រូវផ្នែកនយោបាយ និងសីលធម៌» របស់សហរដ្ឋអាមេរិក សម្រាប់ការអូសបន្លាយការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ ទីក្រុងវ៉ាស៊ីនតោន បានបោះឆ្នោតវេតូប្រឆាំងនឹងដំណោះស្រាយតាក់តែងឡើងដោយប្រទេសអាល់ហ្សេរី ដែលអំពាវនាវឱ្យមានបទឈប់បាញ់ ភ្លាមៗមួយ និងការដោះលែងចំណាប់ខ្មាំងទាំងអស់ដែលត្រូវបានចាប់ពង្រត់ ក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន ដោយគ្មានលក្ខខណ្ឌ។ ក្នុងចំណោម សមាជិកក្រុមប្រឹក្សាសន្តិសុខ UN ទាំង១៥ មានប្រទេសចំនួន ១៣បានបោះឆ្នោតគាំទ្រដោះស្រាយអំពាវនាវឱ្យមានបទឈប់បាញ់ រីឯអង់គ្លេសបោះឆ្នោត អនុប្បវាទ៕