(ប៉េកាំង)៖ គិតចាប់តាំងពីថ្ងៃបង្កើតប្រទេសចិនថ្មីនាថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ដែលមានរយៈពេល៧៥ឆ្នាំ នៃដំណើរដ៏មហិមារបស់ប្រជាជនចិន ក្នុងគោលនយោបាយសន្តិភាពនិយមរបស់ខ្លួន និងជាពិសេសចាប់តាំងពីការចាប់ផ្តើម នៃកំណែទម្រង់សេដ្ឋកិច្ចបើកចំហនាឆ្នាំ១៩៧៨ដែលមានរយៈពេល៤៦ឆ្នាំ ប្រកបដោយកិត្យានុភាពសេដ្ឋកិច្ច ប្រទេសចិនបានជួយលើកកម្ពស់សុខដុមនីយកម្ម របស់មនុស្សជាតិ និងបានជំរុញល្បឿនដល់កិច្ចអភិវឌ្ឍសកល។

សន្តិភាពដ៏រឹងមាំនៅក្នុងផ្ទៃប្រទេស និងការចូលរួមថែរក្សាសន្តិភាពសកល ក្នុងនាមជាតួអង្គសេដ្ឋកិច្ចធំទី២របស់ពិភពលោក ប្រទេសចិនដែលមិនត្រឹមបានបង្កើន ទំហំល្បឿនសេដ្ឋកិច្ចរបស់ពិភពលោក និងទទួលបានការកោតសរសើរពីពិភពលោក នូវភាពជាជើងឯកក្នុងការនាំប្រជាជនចិន ដែលមានចំនួនច្រើនជាងគេបំផុត នៅលើសកលលោកងើបចាកផុតពីភាពក្រីក្រ ប្រទេសចិនថែមទាំងបានជំរុញកាលានុវត្តភាពកាន់តែប្រសើរ ដល់ជីវភាពរបស់ប្រជាជននៅលើពិភពលោកថែមទៀតផង។ ក្នុងន័យនេះ ប្រជាជនចិនដែលមានជីវភាពធូរធារបានក្លាយជាអ្នករួមចំណែកយ៉ាងសកម្មដល់សន្តិសុខស្បៀង និងចាយដើម្បីចែករំលែក ផលដល់មនុស្សជាតិ ស្របនឹងគោលនយោបាយរបស់ ក្រសួងពាណិជ្ជកម្មចិនដែលបានកំណត់ឆ្នាំ២០២៤ជា «ឆ្នាំជំរុញការប្រើប្រាស់» ហើយនឹងរៀបចំសកម្មភាពជំរុញការប្រើប្រាស់មួយចំនួនបន្ថែមទៀត។

គិតចាប់តាំងពីពេលបិទបញ្ចប់គោលនយោបាយកូវីដ រយៈពេលពេញមួយឆ្នាំ២០២៣ បណ្តាប្រទេសនានាបានរំពឹងខ្ពស់រួចទៅហើយ ពីការស្វាគមន៍ទេសចរជនជាតិចិនមកទស្សនា ដោយបានរៀបចំនូវគោលនយោបាយទាក់ទាញជាច្រើន ដែលក្នុងនោះរួមមានទាំង គោលនយោបាយលើកលែងទិដ្ឋាការថែមទៀតផង។ នេះជាសញ្ញាណបញ្ជាក់ដោយប្រត្យក្សថា ទេសចរចិនមានគុណតម្លៃមហាសាល ក្នុងការនាំយកនូវកំណើនសេដ្ឋកិច្ច និងជីវភាពកាន់តែប្រសើរជូនដល់ម្ចាស់ស្រុកថែមទៀតផង។

យោងតាមទិន្នន័យនៃវេទិកា ពាក់ព័ន្ធបានបង្ហាញឱ្យឃើញថា ក្នុងវិស្សមកាលបុណ្យចូលឆ្នាំចិនឆ្នាំនេះ ទេសចរជនជាតិចិន បានចេញទៅដើរលេង នៅទីក្រុងចំនួនជាង១៧០០នៅលើពិភពលោកទាំងមូល ដោយជាក់ស្តែងការបញ្ជាទិញសំបុត្រយន្តហោះ ទៅកាន់សិង្ហបុរី បានកើនឡើង២៩ដង សំបុត្រយន្តហោះទៅកាន់គួឡាឡាំពួរបានកើនឡើង២០ដង សំបុត្រយន្តហោះទៅកាន់ក្រុងបាងកក បានកើនឡើង១៦ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ លើសពីនេះ ទេសចរជនជាតិចិនយ៉ាងច្រើនបានជ្រើសរើស ធ្វើដំណើរតាមរថភ្លើងល្បឿនលឿនពីប្រទេសចិនចូលប្រទេសឡាវ ដើម្បីធ្វើទេសចរណ៍ក្នុងអំឡុងពេលចូលឆ្នាំថ្មីចិន ដែលបានធ្វើឱ្យឧស្សាហកម្មទេសចរណ៍តាមដងផ្លូវរថភ្លើង ក្នុងដែនប្រទេសឡាវកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។

គិតចាប់ពីផ្តើមទំព័រឆ្នាំ២០២៤នេះ សេដ្ឋកិច្ចរបស់ប្រទេសចិន ត្រូវបានពិភពលោកយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រោះជាជន្ទល់និងជាលំនឹងដល់ សេដ្ឋកិច្ចសកលដោយនៅចុងខែមករា ឆ្នាំ២០២៤ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានដំឡើង ការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២៤ ដល់ទៅ៤,៦%គឺបានកើនឡើង០,៤%។ នាពេលថ្មីៗកន្លងទៅនេះ វិទ្យាស្ថានសិក្សាស្រាវជ្រាវសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ងបានចេញផ្សាយរបាយការណ៍អះអាងថា សហគ្រាសអាល្លឺម៉ង បាននិងកំពុងវិនិយោគទុននៅប្រទេសចិនឱ្យបានកាន់តែច្រើន ដើម្បីឆ្លើយតបនឹងហានិភ័យដែលបណ្តាលមកពី ស្ថានភាពតានតឹងនៃពាណិជ្ជកម្មសកល។

សន្ទុះដ៏ខ្លាំងក្លានៃការប្រើប្រាស់ក្នុងបុណ្យចូលឆ្នាំថ្មីចិន ព្រមនិងលក្ខណៈសម្បតិ្ត សម្រាប់ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយគុណភាពខ្ពស់ បានកើនឡើងជាបន្តបន្ទាប់ ដូច្នេះ នៅឆ្នាំ២០២៤ សេដ្ឋកិច្ចចិនមានជំនឿចិត្តថា នឹងមានសភាពល្អប្រសើរឡើងវិញជាបន្តបន្ទាប់ ហើយបន្ដចាក់បំពេញ «ចរន្តក្តៅ» ទៅក្នុងពិភពលោក ស្របពេលដែលប្រទេសចិនជានិច្ចកាល បានប្តេជ្ញាចិត្តក្នុងការបង្កើនសេដ្ឋកិច្ច បើកចំហជាសកល ចែករំលែក កាលានុវត្តភាព និងផលប្រយោជន៍ស្របតាមគោលនយោបាយពហុភាគីនិយម ហើយតាមរយៈការបើកចំហ និងសម្រេចបាននូវការផ្តល់ ផលប្រយោជន៍រួមនិងឈ្នះ-ឈ្នះ។ ប្រទេសចិនបានក្លាយជាគំរូក្នុងការរក្សាការប្តេជ្ញាចិត្ត ក្នុងការអភិវឌ្ឍពាណិជ្ជកម្មសេរី និងការវិនិយោគសេរីជាសកល លើកកម្ពស់សេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការវិនិយោគ រួមទាំងការធ្វើទេសចរណ៍ផងដែរ ជាក់ស្តែងប្រជាជនចិនបានធ្វើទេសចរណ៍ ក្នុងស្រុកមានចំនួន៤៧៤លាននាក់ ដោយបានចំណាយសរុប៦៣២៦៨៧លានយាន់ប្រាក់ចិន ពោលគឺបានកើនជាង៣៤,៣%និង៤៧,៣% ដោយឡែកពីគ្នាបើប្រៀបធៀបនឹងឆ្នាំ២០២៣កន្លងមក។

គិតចាប់ពីប្រាជ្ញាចិនស្តីពី «កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» ចេញដំណើរយ៉ាងស្វាហាប់ចាប់ពី ឆ្នាំ២០១៣ដែលមានអាយុកាលជាង១ទសវត្សរ៍ ដោយមានគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» និងគំនិតផ្តួចផ្តើមសកលចំនួន៣ថែមទៀតគាំទ្រ បានរំលេចយ៉ាងច្បាស់ពីគតិបណ្ឌិតរបស់ចិន ដូចទៅនឹងប្រសាសន៍របស់លោក Wang Yi ដែលបានលើកឡើងកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ថា បើទោះបីជាស្ថានការណ៍អន្តរជាតិ ប្រែប្រួលយ៉ាងណាក៏ដោយ ក្នុងនាមជាប្រទេសមហាអំណាច ដែលមានទំនួលខុសត្រូវ ប្រទេសចិននឹងបន្តយ៉ាងរឹងមាំនៅ ក្នុងការថែរក្សានិរន្តរភាព និងស្ថិរភាពនៃគោលនយោបាយជាប់រហូត ដើម្បីធ្វើជាកម្លាំងលំនឹងយ៉ាងមុតមាំ ដល់ពិភពលោកដែលមានភាពរង្គោះរង្គើ ដោយកម្លាំងលំនឹងរបស់ប្រទេសចិន មានចំនួន៤សម្រាប់៖ ១-ជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសមហាអំណាច ២-ឆ្លើយតបនឹងបញ្ហាចំណុចក្តៅ ៣-ពង្រឹងអភិបាលកិច្ចសកល និង៤-ជំរុញកំណើនសកល ដើម្បីបន្តចូលរួមចំណែកយ៉ាងសកម្ម និងសំខាន់ថែរក្សាសន្តិភាព និងបង្កើនល្បឿននៃការពន្លត់ភ្នក់ភ្លើង នៃសង្គ្រាមហើយនាំ នូវការផ្តល់កាលានុវត្តភាព ជូនដល់បណ្តាប្រទេសនានានៅលើពិភពលោកប្រកៀកស្មា អភិវឌ្ឍសេដ្ឋកិច្ចជាមួយប្រទេសចិន ស្របពេលនឹងពេលវេលានៃការទទួលអំណរឆ្នាំថ្មី ឆ្នាំរោងឬសត្វនាគ ដែលតំណាងឱ្យមហិទ្ធិរិទ្ធ ឫទ្ធានុភាព ឧត្តមភាពខ្លាំងក្លា ផ្តល់ឋាមពលដ៏មហិមាដើម្បីមានពលំរឹងមាំ ចូលរួមជ្រោងទង់នៃកិច្ចកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ និងចូលរួមពួតដៃគ្នាដែលមានចិនជាគំរូ ក្នុងការផ្តល់ជីវិតល្អបវរនិងវិបុលភាពជូនដល់មនុស្សជាតិទាំងមូល ដោយឈរលើការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ភពផែនដីរបស់យើង៕

ដោយបណ្ឌិត ជា មុនីឫទ្ធិសមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន