(ដាម៉ាស)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៉ីរី បានរាយការណ៍ថា មីស៉ីលប៉ុន្មានគ្រាប់របស់អ៉ីសា្រអែល បានវាយប្រហារចំអគារស្នាក់នៅមួយកន្លែង ក្នុងសង្កាត់ Kafr Sousa នៃរដ្ឋធានីដាម៉ាស របស់ប្រទេសស៉ីរី នាថ្ងៃពុធនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ ២០២៤។

សង្កាត់នេះមានលំនៅឋាន សាលារៀន និងមជ្ឈមណ្ឌលវប្បធម៌របស់អ៉ីរ៉ង់ ហើយស្ថិតនៅក្បែរស្នាក់ការធំមួយរបស់ទីភ្នាក់ងារសន្តិសុខ។ បើតាមប្រព័ន្ធផ្សព្វផ្សាយ SANA ការវាយប្រហារនេះកំណត់គោលដៅលើអគារស្នាក់នៅ ភ្ជាប់មកជាមួយរូបភាពនៃការឆេះនៅមួយចំហៀង នៃអគារនោះ ប៉ុន្តែមិនបញ្ជាក់អំពីទំហំនៃការខូចខាតនោះទេ។ រីឯសាក្សី បានប្រាប់ Reuters ថា ពួកគេបានឮសូរសំលេងផ្ទុះពីរទៅបីលើក ដែលធ្វើឱ្យសិស្សសាលានៅក្បែរនោះភ័យខ្លាច ហើយក៏មានរថយន្តសង្រ្គោះបន្ទាន់មកកាន់កន្លែងកើតហេតុ។

គួរបញ្ជាក់ថា សង្កាត់នេះធ្លាប់ត្រូវបានកំណត់គោលដៅ ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល កាលពីខែកុម្ភៈ ឆ្នាំ ២០២៣ ដោយកាលណោះបានសម្លាប់អ្នកជំនាញយោធាអ៉ីរ៉ង់។ ភ្លាមៗ មិនទាន់មានការបញ្ជាក់ពីយោធាអ៉ីស្រាអែលនៅឡើយទេ៕

រូបភាពពី Reuters