(មីនស្ក៍)៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានចេញការអំពាវនាវកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដល់ភ្នាក់ងារអនុវត្ថច្បាប់ទាំងអស់ រៀបចំការល្បាតតាមដងផ្លូវដោយកាន់អាវុធធុនតូច ដើម្បីការពារសុវត្ថិភាពប្រជាជន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំំ ២០២៤។

​បើតាមប្រព័ន្ធផ្សាយសង្គមក្នុងស្រុកនៅបេឡារុស ក្នុងកិច្ចប្រជុំជាមួយជាមួយស្ថាប័នសន្តិសុខកំពូលរបស់ប្រទេស លោក Lukashenko បាននិយាយថា ប្រជាជនគួរតែមានអារម្មណ៍សុវត្ថិភាពនៅផ្ទះ កន្លែងធ្វើការ និងគ្រប់ពេល។ នៅខណៈដែលអត្រាបទល្មើសក្នុងប្រទេស កំពុងថយចុះ បេឡារុសប្រឈមនឹងហានិភ័យនៃឧក្រិដ្ឋកម្មជ្រុលនិយម។

លោក Lukashenko បានគូសបញ្ជាក់ថា «សព្វថ្ងៃនេះ ទិដ្ឋភាពដ៏សំខាន់បំផុតគឺការងារគ្រប់គ្រងច្បាប់ និងថែរក្សាសណ្តាប់ធ្នាប់ ដើម្បីបង្រ្កាបរាល់សកម្មភាពរបស់ក្រុមចោរ ក៏ដូចជាទប់ស្កាត់នូវការបាត់បង់ស្មារតី ពីសំណាក់អ្នកដែលមិនទាន់យល់ច្បាស់ ពីអ្វីដែលក្រុមអភិរក្សនិយមបរទេសកំពុងកំណត់គោលដៅ។ ខ្ញុំសូមរំលឹកដល់ក្រសួងកិច្ចការផ្ទៃក្នុង គណៈកម្មាការធិការសន្តិសុខជាតិ សេវាកម្មពិសេស ការិយាល័យរដ្ឋអាជ្ញា និងអ្នកគ្រប់គ្នាថា យើងត្រូវតែគ្រប់គ្រងបញ្ហានេះ ហើយការល្បាតនៃកងកម្លាំងរបស់យើង តាមដងផ្លូវ ត្រូវតែមានកាន់អាវុធធុនតូច យ៉ាងហោចណាស់ក៏ជាកាំភ្លើងខ្លីដែរ»។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន មេដឹកនាំបេឡារុសរូបនេះ បានប្រកាសពីការចាប់ខ្លួនមនុស្សមួយក្រុម ដែលលោកហៅថាជាក្រុមបង្កការបំផ្លិចបំផ្លាញ នៅឯព្រំដែនជាប់ជាមួយអ៊ុយក្រែន៕

រូបភាពពី Reuters