(ប៉េកាំង)៖ នៅថ្ងៃពុធនេះ ចិនបានចេញមុខព្រមានថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការវេតូដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UN) ដែលមានគោលដៅអំពាវនាវបទឈប់បាញ់ជាបន្ទាន់ ក្នុងតំបន់ Gaza បានរុញច្រានជម្លោះនៅទីនោះ ឱ្យទៅរកស្ថានការណ៍កាន់តែគ្រោះថ្នាក់ខ្លាំងថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានលើកឡើងយ៉ាងដូច្នេះថា «ចិនបានបោះឆ្នោតគាំទ្រដំណោះស្រាយរបស់ UN ខណៈសហរដ្ឋអាមេរិក បានបោះឆ្នោតវេតូតែឯងជាថ្មីម្តងទៀត ជាហេតុបណ្តាលឱ្យស្ថានការណ៍នៅ Gaza ឆ្ពោះទៅរកសភាពកាន់តែ​គ្រោះថ្នាក់ខ្លាំងថែមទៀត ហើយភាគីទាំងអស់ដែលមានក្តីព្រួយបារម្ភ សុទ្ធតែបានបង្ហាញការខកបំណង និងការមិនពេញចិត្តរបស់ពួកគេ»។ លោកស្រី Mao បានបន្តថា ស្ថានការណ៍មនុស្សធម៌នៅ Gaza កំពុងតែធ្ងន់ធ្ងរទៅៗ ហើយសន្តិភាព និងស្ថិរភាពក្នុងតំបន់ បានទទួលរង​ការប៉ះពាល់ជាខ្លាំង។ ក្រុមប្រឹក្សាសន្តិសុខ UN ចាំបាច់ត្រូវធ្វើសកម្មភាពជាបន្ទាន់ ដើម្បីបញ្ឈប់សង្រ្គាមនៅ Gaza ខណៈវាគឺជាកាតព្វកិច្ចសីលធម៌ ដែលមិនអាចនៅអូសបន្លាយយូរទៀតឡើយ»

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ទីក្រុងវ៉ាស៉ីនតោនបានបោះឆ្នោតវេតូ ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ UN ដែលផ្តួចផ្តើម​ដោយប្រទេសអាល់ហ្សេរី និងមានគោលដៅទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់ ដើម្បីបុព្វហេតុមនុស្សធម៌ នៅតំបន់ Gaza ជាទីដែល​អ៉ីស្រាអែលកំពុងធ្វើសង្រ្គាមកម្ទេចក្រុមហាម៉ាសប៉ាឡេស្ទីន ព្រមទាំងការដោះលែងដោយគ្មានលក្ខខណ្ឌ នូវចំណាប់ខ្មាំងទាំងអស់ដែលត្រូវ​បានចាប់យកទៅ អំឡុងការវាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ របស់ពួកហាម៉ាស។ បើតាមការអះអាងរបស់អាជ្ញាធរនៅ Gaza សង្រ្គាមសងសឹករបស់អ៉ីស្រាអែល ប្រឆាំងនឹង​ការវាយប្រហាររបស់ក្រុមហាម៉ាស កាលពេលនោះ គឺគិតមកទល់ពេលនេះ បានផ្តាច់ជីវិតជនជាតិប៉ាឡេស្ទីនសរុបជិត២៩,២០០នាក់ហើយ៕

រូបភាពពីអង្គការសហប្រជាជាតិ