(ប៉េកាំង)៖ អាជ្ញាធរក្នុងទីក្រុងប៉េកាំង បានបិទផ្លូវហាយវ៉េនៅថ្ងៃពុធនេះ បន្ទាប់ពីព្យុះព្រិលខ្លាំង បានបោកបក់មកលើរដ្ឋធានីមួយនេះ បន្ថែមលើអាកាសធាតុដ៏ត្រជាក់ នៅទូទាំងប្រទេសក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ ២០២៤។

ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា ខណៈភ្លៀង និងព្រិលអាចបន្តរហូតដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ ក្រុមមន្រ្តីកំពុងរៀបចំបណ្តាញដឹកជញ្ជូនសាធារណៈនានា ក្នុងរដ្ឋធានីប៉េកាំង ដែលមានប្រជាជនជិត ២២លាននេះ ហើយបានបិទផ្លូវហាយវេចំនួន ៨កន្លែង។ តំបន់ភ្នំនៅតែទទួលរងនូវព្រិលធ្លាក់ ហើយអាកាសធាតុដ៏អាក្រក់នេះ បានបង្ខំឱ្យបិទផ្លូវជិត ២០០ ខ្សែទូទាំងប្រទេស។ មជ្ឈមណ្ឌលឧតុនិយមជាតិ បានព្យាករថា ស៉ីតុណ្ហភាពក្រោមសូន្យ នឹងមកដល់នៅសប្តាហ៍ក្រោយលើតំបន់ជាច្រើន។

គួរបញ្ជាក់ថា មន្រ្តីតាមដានអាកាសធាតុមួយរូប បានប្រាប់កាសែត Beijing Daily ថាព្រិលធ្លាក់កាលពីថ្ងៃអង្គារសប្តាហ៍ គឺមានរយៈពេលយូរ និងខ្លាំងក្លាជាងការព្យាករ បន្ទាប់ពីភាពប្រសព្វគ្នានៃចរន្តខ្យល់សើមមកពីភាគខាងត្បូង និងខ្យល់ត្រជាក់រំកិលយឺតទៅភាគខាងកើត៕

រូបភាពពី Reuters