(ប៉ារីស)៖ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បានប្រាប់ប្រធានាធិបតីបារាំង លោក Emmanuel Macron ថា ទីក្រុងប៉េកាំងឱ្យតម្លៃចំពោះគោលជំហរ «ឯករាជ្យ» របស់ប្រទេសបារាំង ក្នុងឱកាសដែលអ្នកទាំងពីរបានជួបពិភាក្សាគ្នា នៅទីក្រុងប៉ារីស កាលពីថ្ងៃអង្គារ​សប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

អំឡុងជំនួបជាមួយមេដឹកនាំបារាំង ក្នុងគោលដៅចុងក្រោយ នៃដំណើរបំពេញទស្សនកិច្ចប៉ុន្មានថ្ងៃមកនេះ នៅតំបន់អឺរ៉ុប លោក Wang បានចាត់ទុកប្រទេសទាំងពីរ ជាកម្លាំងដ៏មានសារសំខាន់បំផុត នៅក្នុងពិភពលោកពហុប៉ូល។ លោក Wang បានបន្តថា ចិននិងបារាំងគួរតែពង្រឹងកិច្ចសម្របសម្រួលយុទ្ធសាស្រ្ត និងជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តឱ្យកាន់តែស៉ីជម្រៅ ហើយចូលរួមចំណែកទៅក្នុង​ការលើកកម្ពស់សុខសន្តិភាព និងស្ថិរភាពសកល។ លោកប្រមុខការទូតចិន បានសង្កត់ធ្ងន់ដូច្នេះថា «ភាគីចិនឱ្យតម្លៃការប្រកាន់គោលជំហរ​របស់បារាំង ចំពោះគោលនយោបាយការបរទេសមួយ ដែលមានភាពឯករាជ្យ»

គួរបញ្ជាក់ថា បារាំងនិងចិនក្នុងពេលប៉ុន្មានឆ្នាំមកនេះ បានព្យាយាមរឹតបន្តឹងចំណងទាក់ទងរវាងគ្នា ដោយរដ្ឋមន្រ្តីការបរទេសបារាំង បានទៅ​បំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ហើយលើកឡើងថា ប្រទេសទាំងពីរចាំបាច់ត្រូវរួមគ្នាស្វះស្វែងរកចម្លើយ សម្រាប់បញ្ហាប្រឈមធំៗ។ រីឯលោក Macron ផ្ទាល់បានបំពេញទស្សនកិច្ច ទៅកាន់ប្រទេសចិន កាលពីខែមេសា ឆ្នាំមុន។ កាលពី​ថ្ងៃអង្គារ លោក Wang ក៏បានបង្ហាញក្តីសង្ឃឹម​ដែរថា បារាំងនឹងបន្តដើរតួនាទីស្ថាបនា នៅក្នុងការអភិវឌ្ឍ ប្រកបដោយភាពវិជ្ជមាននិងស្ថិរភាព នៃទំនាក់ទំនងចិន-អឺរ៉ុប៕

រូបភាពពី Xinhua