(មូស្គូ)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក​ វ៉្លាឌីមៀ ពូទីន បាននិយាយថា រូបលោកប្រកាន់គោលជំហរប្រឆាំងចំពោះ ​ការដាក់ពង្រាយសព្វាវុធនុយក្លេអ៊ែរ ទៅកាន់ទីអវកាស ដោយច្រានចោល ការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលថាទីក្រុងមូស្គូកំពុងតែ​អភិវឌ្ឍអាវុធកម្ទេចផ្កាយរណប សម្រាប់ដាក់ពង្រាយនៅទីអវកាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

កាលពីសប្តាហ៍កន្លងទៅ ទីក្រុងវ៉ាស៉ីនតោនបាននិយាយថា ខ្លួនមានក្តីបារម្ភចំពោះសេចក្តីរាយការណ៍ដែលថា រុស្ស៉ីកំពុងអភិវឌ្ឍប្រព័ន្ធសព្វាវុធបែបនោះ ប៉ុន្តែបានបន្ថែមថា វាមិនបង្កការគំរាមកំហែងភ្លាមៗចំពោះមនុស្សនៅលើផែនដីនោះទេ។ ក្នុងកិច្ចប្រជុំមួយ ជាមួយរដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក Sergei Shoigu លោក ពូទីន បានលើកឡើងថា រុស្ស៉ីតែងតាំងប្រឆាំងជានិច្ចចំពោះ គំនិតនៃការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅក្នុងទីអវកាស។ លោកប្រធានាធីបតីរុស្ស៉ី បានហៅការចោទប្រកាន់របស់អាមេរិកថា គឺជាផ្នែកនៃការព្យាយាមបំប៉ោងស្ថានការណ៍ប្រឆាំងរុស្ស៉ី ដែលកំពុងតែ​ធ្វើឡើងដោយក្រុមលោកខាងលិច។

ចំណែកលោក Shoigu វិញ បានអះអាងថា រុស្ស៉ីមិនមានប្រព័ន្ធសព្វាវុធ ដែលទីក្រុងវ៉ាស៉ីនតោនបានចោទមកថា ខ្លួនកំពុងអភិវឌ្ឍន៍ឡើយ។ ជាចុងក្រោយ លោក ពូទីន បានគូសបញ្ជាក់ថា រុស្ស៉ីធ្លាប់បានស្នើជាច្រើនលើកមកហើយ បំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការរួម នៅក្នុងវិស័យ​អវកាស ប៉ុន្តែមិនដឹងដោយសារហេតុផលអ្វី នៅក្នុងចំណោមក្រុមលោកខាងលិច គឺប្រធានបទនេះមិនត្រូវបានឃើញលេចឡើង សាជាថ្មីនោះទេ៕

រូបភាពពី Sputnik