(ហែលស៉ិនគី)៖ រដ្ឋមន្រ្តីមហាផ្ទៃហ្វាំងឡង់ លោកស្រី Mari Rantanen បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ហ្វាំងឡង់ទទួលបានព័ត៌មានអំពី មនុស្សរាប់ពាន់នាក់នៅរុស្ស៉ី កំពុងរង់ចាំឆ្លងដែនចូលមកក្នុងប្រទេសរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

ហ្វាំងឡង់ បានបិទព្រំដែនភាគខាងកើតជាប់ជាមួយរុស្ស៉ី កាលពីឆ្នាំ២០២៣ ចំពោះមុខការមកដល់នៃជនចំណាកស្រុកគ្មានឯកសារត្រឹមត្រូវ បំណងចូលតំបន់អឺរ៉ុប ហើយ ចោទប្រកាន់រុស្ស៉ីជាអ្នកបំផុសបំផុលឱ្យមានការឆ្លងព្រំដែន ប៉ុន្តែវិមានក្រឹមឡាំងបានច្រានចោល។ លោកស្រី Rantanen បានគូសបញ្ជាក់ថា «យើងមានព័ត៌មានថា មនុស្សរាប់ពាន់នាក់ នៅប៉ែកខាងក្នុងប្រទេសរុស្ស៉ី កំពុងរង់ចាំឆ្លងចូលមកហ្វាំងឡង់។ នេះតំណាងឱ្យការគំរាមកំហែងចំពោះសង្គមជាតិ»។ លោកស្រី Rantanen បានបដិសេធផ្តល់ព័ត៌មានលម្អិត ថាតើអាជ្ញាធរហ្វាំងឡង់នឹងដោះសា្រយបែបណា។

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ ក្រសួងមហាផ្ទៃហ្វាំងឡង់ បានប្រកាសពីការផ្លាស់ប្តូរសេចក្តីព្រាងច្បាប់ដើម្បីរឹតបន្តឹងសន្តិសុខ និងប្រយុទ្ធប្រឆាំងចំពោះ ការដាក់សម្ពាធមកលើហ្វាំងឡង់ ក្នុងទម្រង់នៃការជំរុញឱ្យធ្វើចំណាកស្រុក។ រដ្ឋាភិបាល នឹងដាក់សេចក្តីព្រាងច្បាប់នេះទៅកាន់សភា នៅខែមីនា៕

រូបភាពពី Reuters