(រីយ៉ូ)៖ បណ្តារដ្ឋមន្រ្តីការបរទេសនៃប្រទេស G20 ត្រៀមបើកកិច្ចប្រជុំនៅថ្ងៃពុធនេះ នៅក្នុងប្រទេសប្រេស៉ីល ខណៈប្រឈមនឹងភាពមិនច្បាស់លាស់ ដើម្បីសម្រេច បាននូវវឌ្ឍនភាពលើរបៀបវារៈជម្លោះ និងវិបត្តិ រាប់ចាប់តាំងពីសង្រ្គាមនៅតំបន់ហ្គាហ្សា និងអ៊ុយក្រែន រហូតដល់ការរីកលូតលាស់របស់ពិភពលោក។ នេះបើយោង តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

គេរំពឹងថា រដ្ឋមន្រ្តីការបរទេសអាមេរិក​ លោក Antony Blinken និងរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov នឹងទៅដល់ទីក្រុង Rio de Janeiro (រីយ៉ូ) សម្រាប់កិច្ចប្រជុំកម្រិតខ្ពស់ប្រចាំឆ្នាំនេះ។ ខណៈពិភពលោកកំពុងរងគ្រោះដោយជម្លោះ និងការបែងចែក ប្រេស៉ីលដែលទទួលតំណែងជាប្រធានប្តូរវេនរបស់ G20 បានបង្ហាញក្តីសង្ឃឹមថា លោកប្រធានាធិបតី Luiz Inacio Lula da Silva អាចបង្កើតជាវេទិកា​មួយដ៏មានឥទ្ធិពល​ ដើម្បីស្វែងរកភាព​​វិជ្ជមាន​ក្នុងចំណោមរបៀបវារៈ អន្តរជាតិ។ ប៉ុន្តែការអត្ថាធិប្បាយរបស់លោក Lula កាលពីថ្ងៃអាទិត្យដែលប្រដូចសកម្មភាពយោធាអ៉ីស្រាអែល នៅហ្គាហ្សា ទៅនឹងការសម្លាប់រង្គាលលើជនជាតិជ្វីហ្វ ក្នុងសម័យសង្គ្រាមលោកលើកទី ២ បាននិងកំពុងដុតបច្ឆេះកំដៅផ្នែកការទូតទៅវិញ។

បើតាមមន្រ្តីផ្នែកទំនាក់ទំនងអន្តរជាតិមួយរូប គឺលោក Igor Lucena ប្រាប់ AFP «ប្រសិនបើលោក Lula ស្រមៃថានឹងអាចស្នើរក​ដំណោះស្រាយ​សន្តិភាព​ ជុំវិញបញ្ហា​អ៉ីស្រាអែល ឬ​អ៊ុយក្រែន នោះស្មើនឹងលោកលែងទទួលស្គាល់បញ្ហាហើយ»។ ទស្សនវិស័យនេះ ក៏ស្រដៀងគ្នាទៅនឹងបញ្ហារុស្ស៉ី-អ៊ុយក្រែនដែរ ខណៈសមាជិក G20 ឥឡូវនេះកំពុងបែកខ្ញែក។

គួរបញ្ជាក់ថា ទោះបីជាមានការជំរុញពីបណ្តាប្រទេសលោកខាងលិច ឱ្យថ្កោលទោសសង្រ្គាមឈ្លានពារបស់រុស្ស៉ី ក៏កិច្ចប្រជុំ G20 ឆ្នាំមុន នៅក្នុងទីក្រុងញូវដេលី បានបញ្ចប់ទៅដោយសេចក្តីថ្លែងការណ៍ស្រពេចស្រពិល ដែលមានតែការថ្កោលទោសលើការប្រើកម្លាំងយោធា ហើយមិនបញ្ចេញឈ្មោះរុស្ស៉ីនោះទេ៕

រូបភាពពី AFP