(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃពុធ ទី២១ ខែកុម្ភៈនេះបាននិយាយថាតៃវ៉ាន់មិនបានបង្កើនការដាក់ពង្រាយកងទ័ពទៅកាន់កោះដែលស្ថិតនៅទល់មុខចិន នោះទេ ហើយស្ថានភាពយោធានៅជុំវិញតៃវ៉ាន់ ក៏មិនមានអ្វីខុសប្រក្រតីនោះដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសន្និសីទសារព័ត៌មានខ្លីជាប្រចាំ ក្នុងទីក្រុងតៃប៉ិ មន្ត្រីស៊ើបការណ៍សម្ងាត់នៃក្រសួងការពារជាតិតៃវ៉ាន់ លោក Huang Ming-chieh បានបញ្ជាក់ថាមិនមានអ្វី ខុសប្រក្រតីនៅក្នុងសកម្មភាពយោធាចិននៅក្បែរកោះតៃវ៉ាន់នោះទេ។ ចំណែក មន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ម្នាក់ទៀត គឺ លោក Lee Chang-fu ក៏បានបន្ថែមដែរថា តៃវ៉ាន់មិនបានបង្កើនការដាក់ពង្រាយកងទ័ពទៅកាន់កោះស្ថិតនៅទល់មុខចិន ដូចជាកោះ Matsu និងកោះ Kinmen ឡើយ។

គួរបញ្ជាក់ថា ឆ្មាំសមុទ្រចិនកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បានចាប់ផ្ដើមការល្បាតជាប្រចាំនៅជុំវិញកោះ Kinmen គ្រប់គ្រងដោយតៃវ៉ាន់ បន្ទាប់ពីជនជាតិចិន២នាក់ បានស្លាប់ ក្នុងពេលព្យាយាមរត់គេចពីឆ្មាំសមុទ្រតៃវ៉ាន់ បន្ទាប់ពីទូករបស់ពួកគេចូលក្នុងដែនទឹកហាមឃាត់។ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះដែរ ឆ្មាំសមុទ្រចិន បានឡើងលើទូកដឹកភ្ញៀវទេសចរតៃវ៉ាន់មួយគ្រឿង ក្នុងដែនទឹកស្ថិតនៅក្បែរកោះ Kinmen ជាសកម្មភាពមួយត្រូវបានតៃវ៉ាន់ថ្កោលទោស និងចាត់ទុកថាជាទង្វើបង្ក ការភ័យខ្លាច៕

រូបភាពពី Reuters