(វ៉ាស៊ីនតោន)៖ អង្គការស្រាវជា្រវខាងអាវុធមួយបានឱ្យដឹងថាសំណល់សេសសល់ពីមីស៊ីលបាលិស្ទីគមួយគ្រាប់របស់កូរ៉េខាងជើង ដែលគេរកឃើញនៅក្នុងប្រទេសអ៊ុយក្រែនមាន សមាសធាតុផ្សំផលិតដោយក្រុមហ៊ុនមួយចំនួនមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

នៅក្នុងរបាយការណ៍មួយចេញផ្សាយកាលពីថ្ងៃអង្គារ ទី២០ ខែកុម្ភៈ អង្គការ Conflict Armament Research (CAR) បានបញ្ជាក់ថាកូរ៉េខាងជើងនៅតែអាចរកបានសមាសធាតុផ្សំ ពីបណ្ដាប្រទេសលោកខាងលិច ដើម្បីផលិតអាវុធរបស់ខ្លួន បើទោះជាកំពុងជាប់ទណ្ឌកម្មក៏ដោយ។ មិនតែប៉ុណ្ណោះអាវុធទាំងនោះថែមទាំងកំពុងត្រូវបានប្រើប្រាស់ដោយកងកម្លាំងរុស្ស៉ី នៅក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែនទៀតផង។

តាមរបាយការណ៍ដដែល ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការ CAR ក៏បានរកឃើញដែរថាមីស៊ីលបាលិស្ទីគមួយគ្រាប់ផលិតដោយកូរ៉េខាងជើង និងត្រូវបានរកឃើញក្នុងប្រទេសអ៊ុយក្រែន មានសមាសធាតុផ្សំអេឡិចត្រូនិកច្រើនជាង២៩០ ដែលជាផលិតផលបានមកពីបរទេស។ ចំណែក ៧៥ភាគរយនៃគ្រឿងបរិក្ខាររបស់មីស៊ីលនេះវិញមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន មានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក ខណៈ១៦ភាគរយផលិតដោយក្រុមហ៊ុនមួយចំនួននៅអឺរ៉ុប។

គួរបញ្ជាក់ថា សេតវិមាន បាននិយាយកាលពីដើមខែមករាកន្លងទៅថា កូរ៉េខាងជើងបានផ្គត់ផ្គង់ឱ្យរុស្ស៉ីនូវមីស៊ីលបាលិស្ទីគ និងយានទម្របាញ់មីស៊ីលដែលកំពុងត្រូវបានប្រើប្រាស់ នៅក្នុងសង្រ្គាមអ៊ុយក្រែន។ អង្គការ CAR បានឱ្យដឹងថាមីស៊ីលដែលក្រុមអ្នកជំនាញរបស់ខ្លួនបានវិភាគ ត្រូវបានរកឃើញនៅក្នុងតំបន់ Kharkiv ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤៕

រូបភាពពី KCNA ដោយ AFP