(ព័រអូប្រាំង)៖ ចៅក្រមម្នាក់នៅក្នុងប្រទេសហៃទី ដែលទទួលបន្ទុកលើការស៊ើបអង្កេតជុំវិញការធ្វើឃាតលោកអតីតប្រធានាធិបតី Jovenel Moïse បានចោទប្រកាន់ជាផ្លូវការលើ មនុស្សចំនួន៥០នាក់ ក្នុងនោះរួមមានទាំងភរិយារបស់លោក Moïse និងអតីតនាយករដ្ឋមន្ត្រីហៃទីម្នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

យោងតាមឯកសារមួយមានកម្រាស់១២២ទំព័ររបស់លោកចៅក្រម Walther Wesser Voltaire ដែលបានបែកធ្លាយនៅលើប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក AyiboPost លោកស្រី Martine Moïse ដែលធ្លាប់ជាភរិយារបស់លោក Jovenel Moïse បានគប់គិតជាមួយអតីតនាយករដ្ឋមន្ត្រី លោក Claude Joseph ដើម្បីសម្លាប់អតីតប្រធានាធិបតីហៃទីរូបនេះ ក្នុងគោលបំណងដើម្បីឱ្យលោក Joseph ឡើងកាន់តំណែងជំនួសលោក Moïse។ លោកចៅក្រមក៏បានចេញបញ្ជាឱ្យឃាត់ខ្លួន និងបើកសវនាការកាត់ទោសលើអ្នកដែលត្រូវបាន ចោទប្រកាន់ផងដែរ។

ប៉ុន្តែ លោកស្រី Martine Moïse បានលើកឡើងនៅលើបណ្ដាញទំនាក់ទំនងសង្គមថាការចោទប្រកាន់ប្រឆាំងនឹងលោកស្រីគឺជារឿងអយុត្តិធម៌ និងជាការធ្វើទុក្ខបុកម្នេញខាង នយោបាយ។ ចំណែក លោក Joseph បាននិយាយថានាយករដ្ឋមន្ត្រីហៃទី លោក Ariel Henry ទៅវិញទេដែលជាអ្នកទទួលបានផលធំជាងគេ និងកំពុងប្រើប្រាស់ ប្រព័ន្ធតុលាការជាអាវុធប្រឆាំងនឹងក្រុមអ្នកប្រឆាំងនឹងរូបលោក។

គួរបញ្ជាក់ថា អតីតប្រធានាធិបតីហៃទី លោក Jovenel Moïse ត្រូវបានគេបាញ់សម្លាប់ នៅពេលដែលខ្មាន់កាំភ្លើងជាច្រើននាក់បានសម្រុកចូលផ្ទះរបស់លោកក្នុងរដ្ឋធានី ព័រអូប្រាំង កាលពីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ហើយនៅពេលនោះលោកស្រី Martine Moïse ក៏បានរងរបួសផងដែរ៕

រូបភាពពី AFP