(ហ្គ្រីនវីល, សោតខារ៉ូឡៃណា)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារ ទី២០ ខែកុម្ភៈថាមេបក្សប្រឆាំងរុស្ស៉ី លោក Alexei Navalny គឺជាមនុស្សក្លាហានម្នាក់ ប៉ុន្តែលោកមិនគួរត្រឡប់ចូលប្រទេសរុស្ស៉ីវិញទាល់តែសោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយពិធីការនីទូរទស្សន៍ Fox News លោកស្រី Laura Ingraham ក្នុងរដ្ឋ South Carolina ដោយមិនបានបន្ទោស ឬក៏ចោទនរណាម្នាក់ថាជាអ្នកទទួលខុសចំពោះការស្លាប់របស់ Navalny នោះទេ។ តែផ្ទុយពីលោក ត្រាំ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងបណ្ដាមេដឹកនាំលោកខាងលិចមួយចំនួន សុទ្ធតែបានទម្លាក់ការទទួលខុសត្រូវលើលោកប្រធានាធិបតី ពូទីន ជុំវិញមរណភាពរបស់លោក Navalny ក្នុងពន្ធនាគារ រុស្ស៉ី។

លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «លោក Navalny គឺជាមនុស្សក្លាហាន ហើយលោកពិតជាក្លាហាននៅពេលដែលលោកត្រឡប់ចូលរុស្ស៉ីវិញ។ ប៉ុន្តែលោកគួរតែកុំ ត្រឡប់ចូលរុស្ស៉ីវិញ ហើយបញ្ចេញមតិពីខាងក្រៅប្រទេស ពីព្រោះមនុស្សជាច្រើនបានគិតថារឿងបែបនេះអាចនឹងកើតឡើង ហើយវាពិតជាកើតឡើងមែន»។

គួរបញ្ជាក់ថា វិមានក្រឹមឡាំងបានបដិសេធការចូលរួម ឬពាក់ព័ន្ធនឹងការស្លាប់របស់លោក Navalny និងបាននិយាយថាការចោទប្រកាន់របស់លោកខាងលិចថាលោក ពូទីន ជាអ្នកទទួលខុសត្រូវ គឺជារឿងមិនអាចទទួលយកបាន៕

រូបភាពពី Reuters