(រ៉ូម)៖ កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួនបានបញ្ឈប់ការដឹកជញ្ជូនជំនួយទៅកាន់តំបន់ហ្គាហ្សាភាគខាងជើង បើទោះបីជាមានការស្រេកឃ្លានដ៏ធ្ងន់ធ្ងរក៏ដោយ បន្ទាប់ពីក្បួនរថយន្តដឹកទំនិញត្រូវបានប្រឈមមុខនឹងការបាញ់ប្រហារ និងការលួចប្លន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

កម្មវិធីស្បៀងអាហារពិភពលោក (WFP) បាននិយាយថា ខ្លួនបានចាប់ផ្តើមការផ្តល់ជំនួយឡើងវិញនៅថ្ងៃអាទិត្យ បន្ទាប់ពីការផ្អាករយៈពេលបីសប្តាហ៍ ប៉ុន្តែក្បួនរថយន្តរបស់ខ្លួន «ប្រឈមនឹងភាពចលាចល និងអំពើហិង្សាទាំងស្រុង ដោយសារតែការដួលរលំនៃសណ្តាប់ធ្នាប់ស៊ីវិល»

២០ សប្តាហ៍នៃសង្រ្គាមដែលចាប់ផ្តើម ដោយអ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះ បានព្រមានថា អាហារ និងទឹកស្អាតដែលមានសុវត្ថិភាពគឺខ្វះខាតខ្លាំង ហើយកម្រិតនៃភាពអស់សង្ឃឹមរបស់ប្រជាជន គឺខ្ពស់មិនធ្លាប់មានពីមុនមក។

ទីភ្នាក់ងារដែលមានមូលដ្ឋាននៅទីក្រុងរ៉ូមមួយនេះបាននិយាយទៀតថា ខ្លួនគ្រោងនឹងបញ្ជូនជំនួយតាមឡានដឹកទំនិញជារៀងរាល់ថ្ងៃ សម្រាប់រយៈពេលប្រាំពីរថ្ងៃ។ ប៉ុន្តែកាលពីថ្ងៃអាទិត្យ ក្បួនរថយន្តបានប្រយុទ្ធនឹង «ការប៉ុនប៉ងដោយមនុស្សជាច្រើន ដើម្បីឡើងលើរថយន្តដឹកទំនិញរបស់យើង ហើយ​បន្ទាប់​មក​ត្រូវ​ប្រឈមមុខ​នឹង​ការ​បាញ់ប្រហារ​ភ្លាមៗ​ ពេល​យើង​ចូល​ដល់​ទីក្រុង​ហ្គា​ហ្សា​»​

របាយការណ៍បាន​បន្ថែម​ថា​ «​កាលពីថ្ងៃ​ចន្ទ ដំណើរ​របស់​ក្បួន​ទីពីរ​ទៅ​ភាគ​ខាង​ជើង ក៏​ប្រឈម​នឹង​ភាព​ចលាចល និង​អំពើ​ហិង្សា​ដោយ​សារ​ការ​ដួល​រលំ​នៃ​សណ្តាប់​ធ្នាប់​ស៊ីវិល...ឡានដឹកទំនិញជាច្រើនត្រូវបានលួចប្លន់ ហើយអ្នកបើកបរឡានដឹកទំនិញម្នាក់ត្រូវបានរងការវាយដំ»

WFP បាននិយាយថា ខ្លួនត្រូវតែបញ្ឈប់ការដឹកជញ្ជូនជាបណ្តោះអាសន្ន «រហូតដល់មានលក្ខខណ្ឌដែលអនុញ្ញាតឱ្យមានការចែកចាយប្រកបដោយសុវត្ថិភាព»។ ដោយបានបន្ថែមថា នេះមិនមែនជាការសម្រេចចិត្តងាយស្រួលទេ ព្រោះវា «មានន័យថាស្ថានភាពនៅទីនោះនឹងកាន់តែអាក្រក់ទៅ ៗ ហើយមនុស្សកាន់តែច្រើនប្រឈមនឹងហានិភ័យនៃការស្លាប់ដោយការអត់ឃ្លាន»

រូបភាពពី Reuters