(បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ត្រូវបានដោះលែងឱ្យមានសេរីភាពហើយកាលពីថ្ងៃទី១៨ ខែកុម្ភៈ ក្រោយ ជាប់ឃុំអស់រយៈពេល៦ខែ នៃទោសដែលលោកត្រូវជាប់ឃុំ១ឆ្នាំ។ លោក Thaksin មានអាយុ៧៤ឆ្នាំ ត្រូវបានឃុំខ្លួន កាលពីខែសីហា ឆ្នាំ២០២៣ ក្រោយធ្វើមាតុភូមិនិវត្តន៍ ត្រឡប់ចូលស្រុកថៃ​វិញ បន្ទាប់ពីរស់នៅនិរទេសខ្លួននៅបរទេសរយៈពេល ១៥ឆ្នាំ ដើម្បីគេចពីការជាប់ពន្ធនាគារ។

លោក Thaksin ត្រូវបានតុលាការថៃកាត់ទោសកំបាំងមុខឱ្យជាប់ពន្ធនាគារ ៨ឆ្នាំ ក្រោមបទចោទប្រកាន់ពុករលួយជាច្រើនករណី។ ប៉ុន្តែ លោកត្រូវបានព្រះមហាក្សត្រថៃ បន្ធូរបន្ថយទោសមកនៅត្រឹមមួយឆ្នាំវិញ។ ក្នុងនាមជាអ្នកទោស លោក Thaksin បានដេកក្នុងពន្ធនាគារតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងលោកត្រូវបានផ្ទេរទៅកាន់ មន្ទីរពេទ្យប៉ូលិស ដោយសារបញ្ហាសុខភាពដែលមិនត្រូវបានគេបញ្ជាក់ឱ្យច្បាស់នោះទេ។

លោក Thaksin បច្ចុប្បន្នកំពុងស្ថិតនៅឯភូមិគ្រឹះរបស់លោកក្នុងស្រុក Bang Phlat នៃទីក្រុងបាងកក។ បន្ទាប់ពីការដោះលែងលោក Thaksin មានការលើកឡើងថា អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ និងជាស្ថាបនិកអតីតគណបក្ស Thai Rak Thai ដែលក្រោយមកក្លាយជាគណបក្សភឿថៃសព្វថ្ងៃ អាចនឹងបញ្ជា ឬមានឥទ្ធិពលលើ សមាជិកស្នូលសំខាន់ៗមួយចំនួន នៅក្នុងគណបក្សភឿថៃ។ តែឧបនាយករដ្ឋមន្ត្រីថៃ លោក Phumtham Wechayachai បានច្រានចោលចំពោះការលើកឡើងបែបនេះ និងអះអាងថាលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) មានអំណាចពេញលេញជានាយករដ្ឋមន្ត្រី ដោយគ្មានការលូកលាន់ពីលោក Thaksin ទេ។

លោក Phumtham បាននិយាយថាកាលពីថ្ងៃចន្ទ ទី១៩ ខែកុម្ភៈថាអ្នកដែលមានទស្សនៈយល់ឃើញ ឬមានការព្រួយបារម្ភបែបនេះគឺជាមនុស្សត្រាំត្រែងក្នុងអតីតកាល។ នៅពេលត្រូវបានសាកសួរថាតើលោក Thaksin នឹងជួយឱ្យគណបក្សភឿថៃកាន់តែរឹងមាំឬ? លោកបានឆ្លើយថាភឿថៃមានភាពរឹងមាំរួចទៅហើយ និងមានការប្ដេជ្ញាចិត្ត ក្នុងការមើលថែប្រជាជន។ លោក Phumtham បន្ថែមថាភាពរឹងមាំរបស់គណបក្សភឿថៃ មិនមែនអាស្រ័យលើបុគ្គលណាម្នាក់នោះទេ។

ក៏ប៉ុន្តែ បើគេចាំមិនភ្លេចទេ លោក Phumtham ក៏ធ្លាប់ជាដៃស្ដាំរបស់លោក Thaksin ផងដែរ អំឡុងអាណត្តិដឹកនាំប្រទេសរបស់លោក Thaksin។ ម្យ៉ាងវិញទៀត មនុស្ស សឹងតែគ្រប់គ្នាដឹងថាលោក Thaksin តែងតែជាមេដឹកនាំកំពូលរបស់គណបក្សភឿថៃជានិច្ច។ ត្រឡប់ទៅកាលពីឆ្នាំ២០១១ គណបក្សភឿថៃបានបញ្ចេញពាក្យស្លោក នយោបាយរបស់ខ្លួនដោយឥតលាក់លៀមថា «លោក Thaksin ជាអ្នកគិត គណបក្សភឿថៃជាអ្នកធ្វើ»។ ប្អូនស្រីបង្កើតរបស់លោក Thaksin គឺលោកស្រី Yingluck Shinawatra បានក្លាយជានាយករដ្ឋមន្ត្រីនៅខែសីហា ឆ្នាំ២០១១ ក្រោយទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកល មុននឹងលោកស្រីត្រូវបានបណ្ដេញចេញពីតំណែង ដោយតុលាការធម្មនុញ្ញថៃ ​បន្ទាប់ពីមានរដ្ឋប្រហារយោធាក្នុងឆ្នាំ២០១៤។

មកទល់នឹងឆ្នាំ២០២៤នេះ គឺដល់វេនកូនស្រីរបស់លោក Thaksin គឺអ្នកនាង Paetongtarn ដែលបានក្លាយជាមេដឹកនាំគណបក្សភឿថៃ រហូតដល់មានអ្នកខ្លះហៅភឿថៃ ថាជាគណបក្ស Shinawatra។ ដូច្នេះសំណួរសំខាន់មួយនៅទីនេះ គឺប្រសិនបើនៅតែមានសុខភាពល្អមាំមួន តើលោក Thaksin ដើរតួនាទីអ្វី ខណៈនាយករដ្ឋមន្ត្រីលោក Srettha ត្រូវបានជ្រើសរើសដោយគណបក្សភឿថៃក្នុងនាមជាបេក្ខជនដែលមានការស្រុះស្រួលគ្នាម្នាក់ ដើម្បីសម្រុះសម្រួលជាមួយអ្នកនយោបាយអភិរក្សនិយមថៃ ឬអ្នកប្រឆាំងនឹងគ្រួសារ Shinawatra តែប៉ុណ្ណោះ។

អ្វីដែលគេកំពុងរង់ចាំមើលនោះគឺថាតើលោក Thaksin នឹងធ្វើជាអ្នកសម្រេចរាល់កិច្ចការធំៗដោយផ្ទាល់លើគោលនយោបាយរបស់រដ្ឋាភិបាលថៃដឹកនាំដោយភឿថៃ នៅពីក្រោយលោក Srettha ឬក៏លោកនឹងដើរតួនាទីយ៉ាងស្ងៀមស្ងាត់ជាមនុស្សមានឥទ្ធិពលធំបំផុត នៅពីក្រោយរដ្ឋាភិបាល និងគណបក្សភឿថៃ? តាមក្រុមអ្នកវិភាគ មួយចំនួន លោក Thaksin ទំនងជានឹងមិនបោះបង់ជីវិតនយោបាយរបស់លោកនោះទេ ដរាបណាក្រុមគ្រូពេទ្យបញ្ជាក់ថាលោកមានសុខភាពល្អរឹងមាំ។ ប៉ុន្តែ លោកអាចនឹង រង់ចំាមើលប្រតិកម្មរបស់ប្រជាជនថៃសិនដែរ មុននឹងសម្រេចចិត្តបោះជំហានបន្ទាប់ណាមួយ។

លោក Srettha មានអាយុ ៦២ឆ្នាំ ដែលជាអតីតសេដ្ឋីអចលនទ្រព្យម្នាក់គ្មានបទពិសោធន៍នយោបាយសោះ នឹងត្រូវប្រឹងប្រែងធ្វើការដើម្បីបង្ហាញឱ្យប្រជាជនថៃ និងគណបក្ស របស់លោកឱ្យបានឃើញថាលោកមិនមែនជាមនុស្សម្នាក់ត្រូវបានជ្រើសរើស ដើម្បីរក្សាកៅអីនាយករដ្ឋមន្ត្រីទុកសម្រាប់អ្នកនាង Paetongtarn ឬនាយករដ្ឋមន្ត្រីមកពីគ្រួសារ Shinawatra នោះទេ។ ក្នុងន័យនេះ កូនស្រីរបស់លោក Thaksin អ្នកនាង Paetongtarn ដែលសព្វថ្ងៃជាមេដឹកនាំគណបក្សភឿថៃ អាចឡើងកាន់តំណែងជំនួសលោក Srettha បានគ្រប់ពេល ប្រសិនបើលោក Srettha ខ្លួនឯងធ្វើឱ្យគេមើលឃើញថាលោកជានាយករដ្ឋមន្ត្រីគ្មានប្រជាប្រិយភាពម្នាក់។

គួរបញ្ជាក់ថា ទោះជាត្រូវបានដោះលែងឱ្យមានសេរីភាពមុនកំណត់មែន តែលោក ​Thaksin នៅត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់​ផ្លូវ​ច្បាប់នៅ​ឡើយ ដោយ​កាលពីពេលថ្មីៗនេះ ព្រះរាជអាជ្ញាថៃបាន​ចោទ​ប្រកាន់​លោក ពី​បទ​ប្រមាថ​បំពាន​លើ​រាជវង្ស​ថៃ​ ក្នុងការ​អត្ថាធិប្បាយ​មួយរបស់លោក​កាល​ពីជាង​ ១០ ​ឆ្នាំមុន៕