(បាងកក)៖ កងកម្លាំងសន្តិសុខឡាវ និងថៃ នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខតាមព្រំដែន ក្នុងគោលបំណងដើម្បីកាត់បន្ថយសកម្មភាពឧក្រិដ្ឋកម្មនៅតាមព្រំដែនរួមគ្នា រវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

ទូរទស្សន៍​កងទ័ព​ឡាវ​បាន​រាយការណ៍​នៅ​ថ្ងៃ​អង្គារនេះ​ថា ​កិច្ចប្រជុំ​នៃ​អនុគណៈកម្មាធិការ​សហប្រតិបត្តិការ​លើ​ការរក្សា​សន្តិភាព ​និង​សណ្តាប់ធ្នាប់​តាម​បណ្តោយ​ព្រំដែន​ឡាវ​-​ថៃ​ បាន​ប្រព្រឹត្តទៅ​នៅ​ខេត្ត​ហ្លួងប្រាបាង​ភាគខាងជើង​ប្រទេស​ឡាវ ​ចាប់ពីថ្ងៃ​ទី ១៣ ដល់​ថ្ងៃទី ១៦ ខែកុម្ភៈ។

របាយការណ៍បានបញ្ជាក់ថា កងកម្លាំងសន្តិសុខឡាវ និងថៃមានសេចក្តីសោមនស្សរីករាយ ដែលទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានការរីកចម្រើនលើមូលដ្ឋានសមភាព និងផលប្រយោជន៍ទៅវិញទៅមក ដែលអនុញ្ញាតឱ្យភាគីទាំងពីរអាចដោះស្រាយបញ្ហាផ្សេងៗ និងធ្វើឲ្យប្រសើរឡើងនូវស្ថិរភាពនៅតំបន់ព្រំដែន។

ភាគីទាំងពីរបានឯកភាពពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ ចែករំលែកព័ត៌មាន និងចាត់វិធានការចាំបាច់ស្របតាមច្បាប់នៃប្រទេសរៀងៗខ្លួន។ ភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការពង្រឹងការអនុវត្តច្បាប់នៅតំបន់ព្រំដែន ដើម្បីទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន។

យោងតាមរបាយការណ៍ ភាគីទាំងពីរក៏បានឯកភាពសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីអប់រំប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន អំពីច្បាប់ទាក់ទងនឹងការឆ្លងដែន និងសកម្មភាពខុសច្បាប់ផងដែរ៕

រូបភាពពី CHINA DAILY