(ហ្គាហ្សា)៖ ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅហ្គាហ្សា បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ចំនួនអ្នកស្លាប់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់ ២៩,១៩៥ នាក់ និង ៦៩,១៧០ នាក់ផ្សេងទៀតបានរងរបួស ខណៈដែលការវាយប្រហាររបស់អ៊ីស្រាអែលនៅតែបន្ត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេល ២៤ ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១០៣ នាក់ និង ១៤២ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងហ្គាហ្សាស្ទ្រីប។

របាយការណ៍បានកត់សម្គាល់ថា ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែក ចំពេលមានការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ និងកង្វះផ្នែកការពារស៊ីវិល និងក្រុមរថយន្តសង្គ្រោះបន្ទាន់។

ចំណែកឯប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលវិញ បានរាយការណ៍ថា កងកម្លាំងយោធាអ៊ីស្រាអែលកំពុងបន្តប្រតិបត្តិការរបស់ខ្លួននៅភាគខាងជើង កណ្តាល និងភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប ប្រឆាំងនឹងក្រុមហាម៉ាស ហើយបានសម្លាប់សកម្មប្រយុទ្ធជាច្រើននាក់។ កងទ័ពអ៊ីស្រាអែលក៏បានប្រកាសពីការស្លាប់របស់ទាហានអាយុ ២២ ឆ្នាំម្នាក់ជាលទ្ធផលនៃរបួសរបស់គាត់ នៅក្នុងការប្រយុទ្ធនៅតំបន់ Gaza ដែលធ្វើឱ្យចំនួនទាហានអ៊ីស្រាអែលដែលបានស្លាប់នៅក្នុងប្រតិបត្តិការជើងគោកកើនដល់ ២៣៦ នាក់។

គួរបញ្ជាក់ថា អ៊ីស្រាអែលបាននិងកំពុងបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកប្រឆាំងនឹងការវាយលុករបស់ក្រុមហាម៉ាស់ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដែលសម្លាប់មនុស្សប្រហែល ១,៤០០ នាក់ និងជាង ២០០ នាក់ទៀត ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕

រូបភាពពី AFP