(ញូវយ៉ក)៖ សហរដ្ឋអាមេរិក ​បាន​ស្នើឡើងនូវ​សេចក្តីព្រាង​ដំណោះស្រាយ​មួយ ​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ដែល​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​បណ្តោះអាសន្ន​នៅ​ហ្គាហ្សា និងបានព្រមានអ៊ីស្រាអែលប្រឆាំងនឹងការវាយលុកជើងគោកនៅទីក្រុង Rafah។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

ចំណាត់ការនេះកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានផ្តល់សញ្ញាថា ខ្លួននឹងប្រសិទ្ធិវេតូចំពោះសេចក្តីព្រាងដំណោះស្រាយ ដែលស្នើដោយប្រទេសអាល់ហ្សេរី ដែលបានទាមទារឱ្យមានផ្អាកបាញ់មនុស្សធម៌ជាបន្ទាន់នៅតំបន់ហ្គាហ្សា។

រហូតមកដល់ពេលនេះ ទីក្រុងវ៉ាស៊ីនតោនបានប្រឆាំងនឹងការប្រើប្រាស់ពាក្យ «បទឈបបាញ់» នៅក្នុងដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ជុំវិញសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស ប៉ុន្តែមានសេចក្តីរាយការណ៍ថា ប្រធានាធិបតី Joe Biden បានប្រើពាក្យសម្តីនេះ ក្នុងការសន្ទនាជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu ។

សេចក្តីព្រាងដំណោះស្រាយចែងថា «ក្រុមប្រឹក្សាសន្តិសុខបញ្ជាក់ការគាំទ្ររបស់ខ្លួន ចំពោះបទឈប់បាញ់បណ្តោះអាសន្ននៅហ្គាហ្សា ឱ្យបានឆាប់តាមដែលអាចធ្វើបាន ដោយផ្អែកលើរូបមន្តនៃការដោះលែងចំណាប់ខ្មាំងទាំងអស់ ហើយអំពាវនាវឱ្យមានការលើកចេញនូវរាល់ឧបសគ្គ ដែលរារាំងការផ្តល់ជំនួយមនុស្សធម៌ក្នុងទ្រង់ទ្រាយធំផងដែរ»។

ការចរចាលើសេចក្តីព្រាងដំណោះស្រាយរបស់សហរដ្ឋអាមេរិក គ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍នេះ ប៉ុន្តែវាមិនច្បាស់ថានៅពេលណាទេ។ នៅក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ រដ្ឋជាសមាជិក
ត្រូវ «យល់ព្រមទទួលយក និងអនុវត្ត» នូវសេចក្តីសម្រេចដែលធ្វើឡើងដោយក្រុមប្រឹក្សាសន្តិសុខ ផ្ទុយពីសេចក្តីសម្រេចដែលធ្វើឡើងដោយមហាសន្និបាតអង្គការសហប្រជាជាតិ ដែលមិនជាប់កាតព្វកិច្ច។

នេះជាលើកទីមួយហើយដែលសហរដ្ឋអាមេរិក បានអំពាវនាវឱ្យមានបទឈប់បាញ់បណ្តោះអាសន្ននៅតំបន់ហ្គាហ្សា នៅឯអង្គការសហប្រជាជាតិ ដោយពីមុនខ្លួនតែងតែប្រើសិទ្ធិវេតូ នៅពេលសេចក្តីព្រាងបានប្រើពាក្យបទឈប់បាញ់ ក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស។

សេចក្តីព្រាងច្បាប់របស់អាមេរិកក៏ចែងផងដែរថា ការវាយលុកក្នុងទ្រង់ទ្រាយធំប្រឆាំងនឹងទីក្រុង Rafah នឹងបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលកាន់តែច្រើន និងនាំឱ្យមានការផ្លាស់ទីលំនៅបន្ថែមទៀត ហើយវាក៏នឹងបង្កផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សន្តិភាព​និង​សន្តិសុខ​ក្នុង​តំបន់ផងដែរ៕

រូបភាពពី Reuters