(ស្តុកខុល)៖ នាថ្ងៃអង្គារនេះ ស៊ុយអែតបានប្រកាសថា ខ្លួននឹងផ្តល់ជំនួយជាសម្ភារយោធា គិតជាទឹកប្រាក់ស្មើនឹង៦៨២លានដុល្លារ ទៅកាន់​អ៊ុយក្រែន ដើម្បីជួយគាំទ្រទីក្រុងកៀវ ដែលកំពុងប្រឈមការលំបាក ក្នុងការប្រយុទ្ធតស៊ូប្រឆាំងការឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

កញ្ចប់ជំនួយយោធាថ្មីខាងលើ ដែលជាកញ្ចប់ជំនួយទី១៥របស់ស៊ុយអែត សម្រាប់អ៊ុយក្រែន និងជាកញ្ចប់ជំនួយធំជាងគេ ក្នុងចំណោមនោះ គឺនឹងរួមមាននូវគ្រាប់កាំភ្លើងធំ ប្រព័ន្ធការពារដែនអាកាស កាណូត និងអាវុធក្រោមផ្ទៃទឹក ដូចជាគ្រាប់មីននិងមីស៉ីលថូភីដូ (torpedoe) ព្រមទាំងការបណ្តុះបណ្តាលសម្រាប់កងទ័ពអ៊ុយក្រែន។ កន្លងមក ស៊ុយអែតធ្លាប់បានបញ្ជូនប្រព័ន្ធកាំភ្លើងធំ Archer, រថពាសដែក CV90 ៥០គ្រឿង ប្រព័ន្ធមីស៉ីលការពារដែនអាកាស ព្រមទាំង​រថក្រោះ Leopard 2 ប្រហែល១០គ្រឿង។

គួរបញ្ជាក់ថា សេចក្តីប្រកាសនេះកើតមានឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលសង្រ្គាមនៅអ៊ុយក្រែនឈានចូលដល់ឆ្នាំទី៣ គិតចាប់តាំង​ពីការឈ្លានពានរបស់រុស្ស៉ី បានចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ការប្រយុទ្ធគ្នាក្តៅគគុកនៅភាគខាងត្បូងនិងខាងកើត​អ៊ុយក្រែន បានមើលឃើញ កងកម្លាំងរុស្ស៉ីដណ្តើមកាន់កាប់បាន ក្រុងយុទ្ធសាស្រ្តសំខាន់មួយ គឺ Avdiivka កាលពីសប្តាហ៍មុន៕

រូបភាពពី AFP