(កៀវ)៖ ការបាត់បង់ក្រុង Avdiivka បានធ្វើឱ្យក្រុងមួយចំនួនទៀតដែលស្ថិតនាភាគឥសាន, ភាគខាងកើតនិងភាគខាងត្បូង អ៊ុយក្រែនបានស្ថិតក្រោមការគំរាមកំហែង។ ការបាត់បង់ក្រុង Avdiivka ត្រូវគេចាត់ទុកថាជាមេរៀនមួយរបស់អ៊ុយក្រែន ដើម្បីការការពារក្រុងដទៃទៀតដើម្បីបញ្ចៀសការបាត់បង់ជាបន្ថែមទៀត។

Avdiivka គឺជាតំបន់សមរភូមិប្រយុទ្ធស៊ីសាច់ហុតឈាមគ្នា រវាងអ៊ុយក្រែននិងទាហានរុស្ស៊ីប្រមាណជិត ១ទសវត្សមកហើយ។ ការវាយប្រហារក្នុងតំបន់នោះ កាន់តែមានសភាពខ្លាំងក្លាថែម ទៀតចាប់តាំងពីរុស្ស៊ីបានបើកយុទ្ធនាការវាយលុកពេញទំហឹង ដាក់មកលើអ៊ុយក្រែនចាប់តាំង ថ្ងៃទី២៤កុម្ភៈឆ្នាំ២០២២ ហើយការវាយលុកផ្តាច់ព្រ័តរបស់រុស្ស៊ីមួយ ក្នុងការដណ្តើមយកទីតាំង នោះ បានចាប់ផ្តើមសាជាថ្មីប្រមាណ៤ខែកន្លងមកនេះ ក្រោយការវាយលុករដូវប្រាំងរបស់ អ៊ុយក្រែនត្រូវគេឃើញថាបានបាត់បង់ប្រសិទ្ធភាព។

ក្រុងAvdiivka នៅទីបំផុតត្រូវបានអ៊ុយ ក្រែនបោះបង់ចោលនៅថ្ងៃសៅរ៍ទី១៧ កុម្ភៈ ឆ្នាំ២០២៤ គ្រាដែលបញ្ជាការដ្ឋានកណ្តាលរបស់ អ៊ុយក្រែនបានដាក់បទបញ្ជាឱ្យទាហាន ត្រូវដកថយចេញពីទីតាំង Avdiivka ប៉ុន្តែរឿងហេតុនៃ សោកនាដកម្មកើតឡើងលើ ជីវិតទាហានខ្លះ ត្រូវបានទូរទស្សន៍ស៊ីអិនអិនរៀបរាប់បង្ហាញនូវ ក្តីសោកស្តាយ និងគួរឱ្យរន្ធត់យ៉ាងក្រៃលែង។

បទបញ្ជាដកថយហាក់ដូចជាមានសភាពលឿន ខណៈទាហានរបួសខ្លះដែលមិនអាចដើរ រួចនិងមិនត្រូវបានគេជួយដឹកជម្លៀសចេញ ត្រូវបានស្លាប់ក្នុងពេលដែលទាហានរុស្ស៊ី បានចូលមកដល់ទីតាំង។ ទាហានអ៊ុយក្រែនម្នាក់ត្រូវបានគេបញ្ជាឱ្យទុក ទាហានរបួស៣០០នាក់ចោល ហើយត្រូវដុតចោលរាល់អ្វីៗទាំងអស់ដែលនៅសេសសល់។

សេចក្តីរាយការណ៍បង្ហាញថាប៉ុន្មានម៉ោង បន្ទាប់ពីទាហានរុស្ស៊ីបានលើកទង់ជាតិរបស់ពួកគេ ដោតនៅលើតំបន់ Avdiivka, រឿងដ៏រន្ធត់មួយបានលេចចេញឡើង អំពីទាហានរងរបួសជាច្រើននាក់ ដែលមិនអាចរត់គេចខ្លួនរួច ត្រូវបានសម្លាប់នៅពេល ដែលទាហានរុស្ស៊ីបានទៅដល់ ទីតាំងរបស់ពួកគេ។

ទាហានអ៊ុយក្រែននៅទីនោះ គឺជាទាហាននៃផ្នែកកងពលតូចមេកានិចទី១១០ ដែលគ្រប់គ្រង ទីតាំងមួយដែលគេស្គាល់ថាជាក្រុមឈ្មោះ Zenit។នៅពេលដែលកងកម្លាំងរុស្ស៊ីបានវាយ ក្នុង បំណងទម្លុះឆ្លងកាត់ក្រុង Avdiivka កាលពីសប្តាហ៍មុន, គឺក្រុម Zenit នោះហើយ គឺជាក្រុម ដែលរងការវាយប្រហារខ្លាំងក្លាជាងគេបង្អស់។

ទាហានដែលឈរជើងនៅទីនោះបានព្យាយាមទប់ទល់ ជាមួយនឹងបំណងចង់ចាកចេញពីទី ក្រុងខ្ទេចខ្ទាំនោះទាំងក្តីអស់សង្ឃឹម។ ទាហានអ៊ុយក្រែនម្នាក់ឈ្មោះViktor Biliak បានរៀបរាប់ ជុំវិញស្ថានការណ៍កើតឡើងនៅក្នុងពេលនោះ តាមការបង្ហោះ លើបណ្តាញសង្គម Instagram ខណៈដូចជាគាត់បានមើលឃើញអំពីផ្លូវដ៏គ្រោះថ្នាក់មួយ ដែលកំពុងស្ថិតនៅខាងមុខ។

ទាហានអ៊ុយក្រែននោះ បានសរសេរថា «គេមិនអាចមើលឃើញអ្វីៗនៅខាងក្រៅបានទេ…អ្វីៗ គឺដើម្បីតែការចង់រស់រានមានជីវិត តែប៉ុណ្ណោះ»។ ទាហាននោះសរសេរទៀតថា «ចម្ងាយមួយគីឡូម៉ែត្រពីទីវាល…កូនឆ្មាខ្វាក់ភ្នែកមួយក្រុម ត្រូវបានដឹកនាំដោយដ្រូន…មានកាំភ្លើងធំរបស់ សត្រូវ…និងថាផ្លូវទៅកាន់ Avdiivka គឺពោរពេញទៅដោយសាកសព នៃទាហានអ៊ុយក្រែន»។

ទាហានដដែលនោះបានសរសេរថានៅទីបំផុត មានមេបញ្ជាការម្នាក់បានប្រាប់គាត់តាមវិទ្យុ ទាក់ទងថា អ្នករបួសនឹងមិនត្រូវ បានជម្លៀសចេញទេ។ ទាហានរបួស៦នាក់ ត្រូវបានគេទុកចោល។ លោក Biliak បាននិយាយថា សារដែលទាហានទាំង៦នាក់ បានបន្សល់ទុកនោះ ពិបាកនឹងអានយ៉ាងក្រៃលែង។ ទាហានអ៊ុយក្រែនលោក Biliak បាននិយាយថា “ក្តីអស់សង្ឃឹម និងជីវិតចុងក្រោយរបស់ពួកគេ តែងតែនៅជាប់ជាមួយយើងជានិច្ច។ អ្នកដែលក្លាហានបំផុត គឺអ្នកដែលស្លាប់»។

Avdiivka មិនដែលបានជាក្រុងទទួល នូវសេចក្តីរីករាយដូចបណ្តាក្រុងដទៃឡើយ។ Avdiivka គឺជាតំបន់នៃសមរភូមិមុខ ចាប់តាំងពីមានក្រុមផ្តាច់ខ្លួន ដែលរុស្ស៊ីគាំទ្រ បានដណ្តើមយកទឹកដី មួយចំនួនធំក្នុងតំបន់ Donbass រួមទាំងតំបន់ដែលស្ថិតក្បែរក្រុង Donetsk តាំងពីឆ្នាំ២០១៤ នោះមក។ ការប្រយុទ្ធគ្នាជាច្រើនឆ្នាំ បានប្រែក្លាយទីក្រុង Avdiivka ទៅជាបន្ទាយដ៏រឹងមាំដែល មានការជីកលេណដ្ឋានដើម្បី សម្រាប់ការពារទីក្រុងប្រឆាំងនឹងសត្រូវ អស់រយៈពេលជាង៨ឆ្នាំ មកនេះ។

ប៉ុន្តែភាពតាំងចិត្តប្តេជ្ញានិងការពាររបស់ទាហានអ៊ុយក្រែន មិនអាចទ្រាំទ្រនឹងការខ្វះខាតគ្រាប់រំសេវ និងការខ្វះកម្លាំងទាហាន ប្រយុទ្ធបានឡើយ ខណៈទាហានរុស្ស៊ី មានឱកាសច្រើនជាង ទាហានអ៊ុយក្រែន ដោយពួកគេមានកម្លាំងប្រយុទ្ធច្រើន, មានគ្រាប់កាំភ្លើងផ្លោង Artillery, មានកម្លាំងគាំទ្រវាយប្រហារតាមផ្លូវអាកាស និងកងកម្លាំងវាយលុកថ្មើរជើងថែមទៀត។ ការ វាយសន្ធាប់របស់រុស្ស៊ីដែលមានប្រៀបលើសមរភូមិនេះហើយ បានធ្វើឱ្យក្រុង Avdiivka បាន ក្លាយជាក្រុងទី២បន្ទាប់ពីក្រុងបាក់មុត បានក្លាយជាតំបន់គ្រប់គ្រងរបស់រុស្ស៊ី។

ការចូលគ្រប់ គ្រងក្រុង Avdiivka នេះ បានធ្វើឡើងតែប៉ុន្មានថ្ងៃមុនទិវាគំរប់ខួបបីឆ្នាំ នៃការចូលលុកលុយ ឈា្លនពានរបស់រុស្ស៊ីថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២២។ ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី បានថ្លែងថាការសម្រេចចិត្ត ដកថយចេញពីក្រុង Avdiivka នេះ គឺដោយសារតែការជួយអាយុ ជីវិតទាហានអ៊ុយក្រែន។ ប៉ុន្តែទាហានរបួសមួយចំនួន ត្រូវគេរាយការណ៍ថាបានទុកចោល ដោយគ្មានអ្នកមកជួយជម្លៀសយកពួកគេ ចេញទៅជាមួយឡើយ។

សេចក្តីរាយការណ៍បង្ហាញថាក្នុងចំណោមទាហាន ដែលបានជាប់និងរងការឡោមព័ទ្ធនោះមានពលបាលត្រី អាយុ៣០ឆ្នាំម្នាក់ដែលជា ពេទ្យប្រយុទ្ធមកពីតំបន់ Dnipropetrovsk ឈ្មោះ Ivan Zhytnyk ដែលគេដាក់ឈ្មោះគាត់ថា យ៉ាំងហ្គោ Django។ ទាហានម្នាក់នោះបានប្រយុទ្ធ នៅ Avdiivka អស់រយៈពេលជិតពីរឆ្នាំ ដូចជា ក្រុមទាហានកងពលតូចមេកានិក លេខ១១០ ដែរ។ លោក Ivan Zhytnyk បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយគាត់មិនអាចធ្វើចលនាបានឡើយ។ កាលពីថ្ងៃព្រហស្បតិ៍ទី១៥ កុម្ភៈ ទាហានពលបាលត្រីរូបនោះ បានទាក់ទងតាមប្រព័ន្ធ បណ្តាញសង្គមជាមួយប្អូនស្រីរបស់គាត់ឈ្មោះ Kateryna និងសមាជិកគ្រួសារផ្សេងទៀត។ ការជួបគ្នាតាមប្រព័ន្ធវីដេអូ ក្នុងបណ្តាញសង្គមនោះហើយ ត្រូវគេចាត់ទុកថាជាវីដេអូដ៏រំជួល ចិត្ត និងការឆ្លើយឆ្លងគ្នាតាមប្រព័ន្ធបណ្តាញសង្គមនោះ ហើយទទួលបានការផ្សព្វផ្សាយយ៉ាងទូលំទូលាយ នៅលើបណ្ដាញសង្គម ក្នុងប្រទេសអ៊ុយក្រែន។

ប្អូនស្រី Kateryna បានសួរបងប្រុសរបស់នាងថា “តើមានគេបានមកជួយបងដែរឬទេ…តើ គ្មានមនុស្សមកជួយបងទេឬ? តើមានមិត្តភក្តិក្នុងក្រុមបងនៅទីនោះទេ…តើបងនៅទីនោះតែ ម្នាក់ឯងទេឬ? លោក Ivan Zhytnyk បានឆ្លើយតបវិញថា “ មនុស្សគ្រប់គ្នាបានចាកចេញហើយ… គ្រប់គ្នាបាន ដកថយហើយ។ គេបានប្រាប់យើងថា មានរថយន្តមកយកយើង…បងបានបាក់ជើងទាំងពីរ និងមានអំបែងគ្រាប់ចំខ្នងថែមទៀត…បងមិនអាចធ្វើអ្វីកើតបានឡើយ…»។ លោក Ivan Zhytnyk បានប្រាប់ប្អូនស្រីទៀតថា មានទាហានប្រមាណ៦នាក់នៅក្នុងអង្គភាព Zenit ក្នុងនោះមានបួននាក់ដែលដូចជា រួបគាត់ដែលមិនអាចដើររួចបានឡើយ។ ប្អូនស្រី Kateryna របស់គាត់បានយំខ្សឹកខ្សល និងនិយាយឆ្លើយឆ្លងប្រាប់ទៅវិញថានាងក៏មិន ដឹងថាតើត្រូវហៅអ្នកណា ដើម្បីជួយបងប្រុសបានឡើយ។ នាងបានយំប្រាប់បងប្រុសទៀតថា «ខ្ញុំមិនដឹងគិតថាតើមានអ្នកណា ដែលអាចនឹងជួយបងបានទេ»។

ក្នុងពេលដែលទាហានបាននាំគ្នារត់ចាកចេញ ដោយគិតតែអាយុរបស់គេរៀងៗខ្លួននោះ, លោក Ivan Zhytnyk ត្រូវបានគេទុកចោល និងលោកត្រូវគេគិតថា បានបាត់បង់ជីវិតក្នុងពេល ដែលទាហានរុស្ស៊ីចូលមកដល់។ អ្នកកាសែតអ៊ុយក្រែនម្នាក់ ដែលធ្វើការ ក្នុងអង្គភាពសារព័ត៌មាន Slidstvo.info បាននិយាយ ជាមួយសាច់ញាតិរបស់ជនជាតិអ៊ុយក្រែនបីនាក់ ដែលត្រូវបានរងរបួស នៅទីតាំងដូចគ្នានោះ ដែរ។ នាង Kateryna បានប្រាប់ Slidstvo.info ថា «អ្នករងរបួសទាំងនោះ បានរង់ចាំយានជំនិះ ដើម្បីជម្លៀសអស់រយៈពេលមួយថ្ងៃកន្លះ។ នាងថា ហើយនៅពេលដែលពួកគេដឹងថាគ្មាននរណា ម្នាក់មកយកពួកគេទៅនោះទេ, ពួកគេបាននាំគ្នាស្រែកហៅរកមនុស្សគ្រប់គ្នា»។

នាង Kateryna បាននិយាយទៀតថា នៅពេលដែលបងប្រុស Ivan របស់នាងបានស្រែក ហៅរូបនាងតាមការឆ្លើយឆ្លង ក្នុងបណ្តាញសង្គមនោះ បងប្រុសនាង មានក្តីឈឺចាប់ជាខ្លាំង ដោយពួកគេបានរត់ចោលគាត់… និងអ្នកដែលមិនអាចចាកចេញ ថែមទាំងគ្មានថ្នាំនិងស្បៀងអាហារថែមទៀត។ នាង Kateryna បានថ្លែងទៀតថានៅថ្ងៃព្រហស្បតិ៍ ទី១៥ កុម្ភៈ មានសាច់ញាតិម្នាក់ទៀតបាន ទាក់ទងទៅបងប្រុស Zhytnyk តាមប្រព័ន្ធវីដេអូ។ នាងបាននិយាយថា បងប្រុសរបស់នាង បាននិយាយប្រាប់គេថា បញ្ជាការដ្ឋានបានយល់ព្រមថា ពួករុស្សីនឹងយកអ្នករបួសនោះចាកចេញ ពីព្រោះទាហានអ៊ុយក្រែន មិនអាចទាក់ទងពួកគាត់ ដែលកំពុងមានរបួសនោះឡើយ។ នាង Kateryna បាននិយាយថា ខណៈដែលកំពុងតែនិយាយគ្នានោះ គេបានឃើញទាហាន រុស្ស៊ីបានចូលមកដល់កន្លែង បងប្រុសនាងនិងអ្នករងរបួសដទៃទៀត ដែលមិនអាចចាកចេញបាន… ហើយទំនាក់ទំនងក៏ត្រូវបានកាត់ផ្តាច់ តាំងពីពេលនោះទៅ។

ក្រោយការបោះបង់ទីតាំង Avdiivka ក្រុមយោធារុស្ស៊ី បានបង្ហោះវីដេអូរបស់ខ្លួនបង្ហាញនូវជោគជ័យ លើក្រុងដែលរងភាពខ្ទេចខ្ទាំនេះ។ វីដេអូរបស់ក្រុមយោធារុស្ស៊ីបង្ហោះ នៅថ្ងៃសុក្រ ទី១៦ កុម្ភៈ បានបង្ហាញនូវសាកសពទាហានជាច្រើន។ រូបវីដេអូយោធារុស្ស៊ី ជាមួយនឹងស្លាកសញ្ញា កងពលតូចរុស្ស៊ី 1st Slavic Brigade ដែលជាអង្គភាពយោធា បានចូលទៅក្នុងអង្គភាព Zenit របស់អ៊ុយក្រែននោះ។ វីដេអូរបស់ក្រុមយោធារុស្ស៊ីនោះ បាននិយាយថារូបវីដេអូបង្ហោះនេះ បានធ្វើនៅថ្ងៃសុក្រ ទី១៦ កុម្ភៈ ក្នុងក្រុង Avdiivka នៅទីតាំងយោធាដែលអ៊ុយក្រែន បានឈរជើងកន្លងមកនោះ។

នាង Kateryna បានស្គាល់សាកសពមួយថា ជាសាកសពរបស់បងប្រុសនាងដោយសារ សម្លៀកបំពាក់និងដបទឹកដែលបងប្រុសនាង កាន់នៅពេលដែលពួកទាហានរុស្ស៊ីសែង សាកសពទាំងនោះចេញពីទីតាំងអង្គភាព Zenit។ រូបភាពដែលក្រុមយោធារុស្ស៊ី បានបង្ហាញនោះ ត្រូវបានសាច់ញាតិក្រុមគ្រួសារនៃអង្គភាព Zenit របស់អ៊ុយក្រែន បាននិយាយថាជាសាកសពរបស់សាច់ញាតិ និងបងប្អូនរបស់គេដែល បានរងរបួសមុនពេលដែលទាហានរុស្ស៊ីចូលទៅដល់។ គឺអ្នកទាំងនោះហើយ ដែលបាននិយាយរង់ចាំ ការយករថយន្តមកដឹកពួកគេជម្លៀសចេញពីសមរភូមិ Avdiivka ប៉ុន្តែមិនមានរថយន្តណា បានទៅសង្គ្រោះពួកគេឡើយ។

លោក Biliak ដែលជាទាហានបង្ហោះរឿងរ៉ាវ នៅលើបណ្តាញសង្គម Instagram បានស្គាល់ សាកសពលោក Andrii Dubnytskyi ដោយសារតែគាត់មាន ស្នាមសាក់រាងជាឈើឆ្កាងនៅ លើដៃរបស់គាត់។ ភរិយារបស់លោក Andrii Dubnytskyi គឺនាង Liudmyla បានថ្លែងថាសាកសពនោះពិតជាប្តីរបស់គាត់មែន ក្នុងពេលដែលនាងបានឃើញ គេបង្ហោះរូបថតវីដេអូននោះ នាយប់ម៉ោង១០កន្លះថ្ងៃសុក្រ ទី១៦ កុម្ភៈ។ ភរិយារបស់លោក Andrii Dubnytskyi បានថ្លែងថា ប្តីរបស់នាងត្រូវបានគេ ហៅចូលបំរើកងទ័ពតាំងពីថ្ងៃទី៨ មីនា ឆ្នាំ២០២២ គ្រាដែលកូនស្រីទើបមានអាយុ៤ខែ និងត្រូវបានបញ្ជួនទៅកាន់សមរភូមិ Avdiivka រហូតទល់ពេលលោកបាត់បង់ ជីវិត។ សាច់ញាតិជាច្រើនទៀត បានដឹងអំពីមរណភាពរបស់សាច់ញាតិគេ តាមរយៈការបង្ហោះវីដេអូ របស់ក្រុមទាហានរុស្ស៊ីនោះ។

អ្នកសរសេររឿងបង្ហោះក្នុងប្លុកយោធា របស់អ៊ុយក្រែនដ៏ល្បីម្នាក់ឈ្មោះ Yurii Butusov ត្រូវគេឃើញបានបង្ហោះឈ្មោះ ទាហានអ៊ុយក្រែនទាំង៦នាក់ ដែលបាត់បង់ជីវិតទាំងនោះ ក្នុងពេលដែលពួកគេមិនអាចចាកចេញពីអង្គភាព Zenit នោះរួច។ មេដឹកនាំអ៊ុយក្រែន លោក ហ្សេឡិនស្គី បានថ្លែងការពារនូវសេចក្តីសម្រេចចិត្ត ដែលបញ្ជាការដ្ឋានអ៊ុយក្រែន ដកកម្លាំងចេញពីក្រុង Avdiivka នេះ។ លោកថ្លែងថាការដកនេះ មិនមែនជាការដកចេញឆ្ងាយ ហើយបណ្តោយឱ្យរុស្ស៊ី ចូលកាន់កាប់ទឹកដីអ៊ុយក្រែនឡើយ។ លោកហ្សេឡិនស្គី បានថ្លែងចាត់ទុកថាការដកកម្លាំងនេះ គឺជារឿងដ៏ត្រឹមត្រូវ ដោយសារតែការដកចេញនេះ គឹដើម្បីការពារជីវិតយុទ្ធជន អ៊ុយក្រែនដែលបានរងឡោមព័ទ្ធក្នុងទីតាំងនោះ។

មេដឹកនាំរុស្ស៊ីលោកវ្លាឌីមៀរ ពូទីន បានសាទរចំពោះការដណ្ដើមបាន ទីក្រុងអាវឌីវកា ហើយចាត់ទុកថា ជាជ័យជំនះដ៏សំខាន់ ហើយលោកក៏បានអបអរសាទរ ដល់ទាហានរបស់រុស្ស៊ី ថែមទៀតផង។ រុស្ស៊ីបានប៉ុនប៉ងជាយូរមកហើយ ក្នុងការដណ្ដើមយក ទីក្រុងអាវឌីវកានេះ ដើម្បីអាចគ្រប់គ្រងបានទាំងស្រុងនូវតំបន់ដុនបាស ដែលជាតំបន់ឧស្សាហកម្មភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។

ការបាត់បង់ក្រុង Avdiivka បានធ្វើឱ្យក្រុង Kupiansk ភាគឥសាន, ក្រុង Chasiv Yar ភាគខាងកើត និងភូមិនាភាគខាងត្បូង Robotyne របស់អ៊ុយក្រែន បានស្ថិតក្រោមការគំរាមកំហែង។ គេមិនទាន់ដឹងថាតើយុទ្ធសាស្ត្ររបស់រុស្ស៊ី នឹងត្រូវរំកិលទៅកាន់ សមរភូមិមួយណាទៀតឡើយ ក្រោយការដណ្តើមបានក្រុង Avdiivka នេះ។

ការបាត់បង់ក្រុង Avdiivka ត្រូវបានគេបន្ទោសថា ដោយសារតែការខ្វះគ្រាប់រំសេវគ្រា ដែលការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី គឺតែងតែពឹងផ្អែកលើជំនួយយោធា ពីក្រុមបស្ចឹមប្រទេសជាពិសេសពីសហរដ្ឋអាមេរិក។ ជំនួយយោធាពីសហរដ្ឋអាមេរិក ត្រូវបានរាំងស្ទះចាប់តាំងពីចុងឆ្នាំ២០២៣នោះមក ដោយសារតែភាពមិនចុះសម្រុង នឹងនយោបាយផ្ទៃក្នុងរវាង គណបក្សប្រជាធិបតេយ្យកាន់អំណាច និងគណបក្សសាធារណរដ្ឋ។

កាលពីសប្តាហ៍កន្លងទៅស្ថាប័នព្រឹទ្ធសភាអាមេរិក ដែលគ្រប់គ្រងសម្លេងភាគច្រើន ដោយគណបក្សប្រជាធិបតេយ្យ បានអនុម័តកញ្ចប់ថវិកាតម្លៃ៩៥,៣៤ពាន់លានដុល្លារ ដែលក្នុងនោះរួមមាន៦១ពាន់លាន គឺជាជំនួយសម្រាប់ប្រទេសអ៊ុយក្រែន។ សំណើកញ្ចប់ថវិកានេះ ត្រូវបានបញ្ជួនទៅស្ថាប័នសភាតំណាងរាស្ត្រ ដើម្បីរកការអនុម័តជាបន្ថែមទៀត ប៉ុន្តែក្តីសង្ឃឹមរង់ចាំទទួលថវិកានោះ ត្រូវគេនិយាយថាហាក់ដូចជាមិនទាន់បានស្ថិតនៅក្បែរជិតនៅឡើយទេ ដោយសារតែគណបក្សសាធារណរដ្ឋគ្រប់គ្រងសម្លេងភាគច្រើន ក្នុងសភាតំណាងរាស្ត្រ បានប្រឆាំងនឹងកញ្ចប់ថវិកានោះ។ ប្រធានាធិបតីអាមេរិកលោក Joe Biden បានស្តីបន្ទោស ថាការបាត់បង់ក្រុង Avdiivka ថាដោយសារ «ភាពអសកម្មនៃសភាតំណាងរាស្ត្រអាមេរិក» ដែលមិនទាន់បានអនុម័តសំណើសម្រាប់ ជំនួយ យោធាថ្មីចំនួន៦១ពាន់លានដុល្លារនោះ៕

រូបភាពពី AFP