(ម៉ាឌ្រីដ)៖ ប្រមុខការទូតចិន បាននិយាយអំឡុងទស្សនកិច្ចនៅអេស្ប៉ាញថា ប៉េកាំងត្រៀមរួចជាស្រេចដើម្បីធ្វើការជាមួយសហភាពអឺរ៉ុប (EU) ក្នុងការរក្សាពាណិជ្ជកម្មសេរី និងអនុវត្តពហុភាគីនិយម ហើយលើកកម្ពស់ពិភពលោកពហុប៉ូលដោយស្មើភាព មានសណ្តាប់ធ្នាប់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចរួមបញ្ចូលគ្នា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ ២០២៤។

លោករដ្ឋមន្រ្តីការបរទេស Wang Yi បាននិយាយថា ចិនចាត់ទុក EU ជាកម្លាំងដ៏រឹងមាំក្នុងការងារកសាងលំនាំពហុប៉ូល ហើយគាំទ្រដល់ការធ្វើសមាហរណកម្ម អភិវឌ្ឍ និងភាពរីកចម្រើននៃតំបន់អឺរ៉ុប ក៏ដូចជាការសម្រេចបាន នូវស័្វយភាពយុទ្ធសាស្រ្ត។ លោក Wang បានគូសបញ្ជាក់ថា «ដរាបណា ចិន-EU ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ នោះការប្រឈមមុខដាក់គ្នាក្នុងប្លុក នឹងមិនកើតឡើងឡើយ»។

គួរបញ្ជាក់ថា ការកត់សម្គាល់របស់ប្រមុខការទូតចិននាពេលនេះ ធ្វើឡើងនៅពេលដែលលោកបានជួបនាយករដ្ឋមន្រ្តីអេស្ប៉ាញ ក្នុងទីក្រុងម៉ាឌ្រីដ កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការជាមួយអេស្ប៉ាញ លោក Wang និយាយថា ចិនក៏បានត្រៀមរួចរាល់ដែរ ដើម្បីគ្រប់គ្រងការផ្លាស់ប្តូរកម្រិតខ្ពស់ជាមួយគ្នា ពង្រឹងភាពស៉ីសង្វាក់ក្នុងយុទ្ធសាស្រ្តអភិវឌ្ឍ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមក កាន់តែស៉ីជម្រៅ៕

រូបភាពពី Reuters