(ឡុងដ៏)៖ ក្រុមហ៊ូទី កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានអះអាងពីការវាយប្រហារលើកប៉ាល់ដឹកទំនិញ Rubymar នៅឯឈូងសមុទ្រ Aden ហើយថាកប៉ាល់នោះអាចនឹងលិច។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ ២០២៤។

អ្នកនាំពាក្យរបស់ហ៊ូទី លោក Yahya Sarea បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា នាវិកនៅលើ Rubymar មានសុវត្ថិភាព ប៉ុន្តែកប៉ាល់អាចនឹងរងការខូចខាតធ្ងន់ធ្ងរ ហើយមានហានិភ័យលិចចូលទៅក្នុងទឹក។ កប៉ាល់ដែលមានដោតទង់ជាតិប្រទេសបេលី ចុះបញ្ជីនៅអង់គ្លេស និងលីបង់នេះ បានរងការវាយប្រហារកាលពីចុងសប្តាហ៍មុន។

ទីបញ្ជាការកណ្តាលយោធាអាមេរិក (CENTCOM) ក៏បានទទួលស្គាល់ដែរថា មានការវាយប្រហារដោយមីស៉ីលប្រឆាំងនាវា ២គ្រាប់ចេញពីទីតាំងរបស់ក្រុមហ៊ូទី នៅយេម៉ែន ហើយកំណត់គោលដៅលើកប៉ាល់ Rubymar កាលពីថ្ងៃទី១៨ ខែកុម្ភៈ។ មីស៉ីលមួយគ្រាប់បានត្រូវចំកប៉ាល់ បណ្តាលឱ្យរងការខូចខាត ហើយនាវិកទទួលបានការជួយសង្រ្គោះ ពីសំណាក់កប៉ាល់ពាណិជ្ជកម្ម មួយផ្សេងទៀត។

គួរបញ្ជាក់ថា ចាប់តាំងពីខែវិច្ឆិកាមក ចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់មួយនេះ បានធ្វើការវាយប្រហារដោយយន្តហោះដ្រូន និងមីស៉ីលលើតំបន់សមុទ្រក្រហម ព្រមទាំងច្រកសមុទ្រ Bab al-Mandab Strait នាំឱ្យសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ចាត់វិធានការឆ្លើយតបជាបន្តបន្ទាប់ ប៉ុន្តែហាក់មិនមានប្រសិទ្ធភាពសោះ៕

រូបភាពពី AFP