(ព្រុចសែល)៖ ប្រទេសសមាជិកទាំងអស់របស់សហភាពអឺរ៉ុប (EU) លើកលែងតែហុងគ្រី បានព្រមានអ៉ីសា្រអែល កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រឆាំងនឹងការបើកសង្រ្គាមជើងគោកចូលក្នុងទីក្រុង Rafah ដោយពួកគេនិយាយថា នឹងអាចបំផ្លិចបំផ្លាញដល់ប្រជាជន ១.៥លាននាក់ ដែលព្យាយាមគេចចេញពីសង្រ្គាមនៅទៅកាន់ ទីក្រុងភាគខាងត្បូងតំបន់ហ្គាហ្សាមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ ២០២៤។

ក្រោយកិច្ចប្រជុំបណ្តារដ្ឋមន្រ្តីការបរទេស EU ក្នុងទីក្រុងព្រុចសែល លោក Micheal Martin រដ្ឋមន្រ្តីការបរទេសអៀរឡង់ បានគូសបញ្ជាក់ថា «ការវាយប្រហារណាមួយលើទីក្រុង Rafah ពិតជាបង្ករការបំផ្លិចបំផ្លាញ ហើយនឹងមិនអាចទទួលយកបាន»។ បន្ទាប់ពីការពិភាក្សាគ្នា រដ្ឋមន្រ្តីទាំងអស់លើកលែងតែហុងគ្រីមួយ បានចេញសេចក្តីថ្លែងការណ៍រួមសម្រាប់ ការផ្អាកឈប់បាញ់ ដើម្បីមនុស្សធម៌ភ្លាមៗ ដែលនឹងនាំទៅដល់បទឈប់បាញ់យូរអង្វែង ការដោះលែងចំណាប់ខ្មាំងទាំងអស់ដោយគ្មានលក្ខខណ្ឌ និងការផ្តល់ជំនួយមនុស្សធម៌។ សេចក្តីថ្លែងការណ៍រួមនៃប្រទេសទាំង ២៦ មានខ្លឹមសារយ៉ាងដូច្នេះថា «យើងសូមស្នើដល់រដ្ឋាភិបាលអ៉ីសា្រអែល កុំប្រើកម្លាំងទ័ពជើងគោកវាយលុកចូលក្នុងទីក្រុង Rafah ដែលធ្វើឱ្យស្ថានភាពមនុស្សធម៌ កំពុងតែយ៉ាប់យ៉ឺនស្រាប់កាន់តែធ្ងន់ធ្ងរទៅ ហើយអាចរារាំងដល់ដំណើរការផ្តល់ជំនួយ»

គួរបញ្ជាក់ថា គួរបញ្ជាក់ថា អ៉ីសា្រអែល កំពុងរៀបចំសង្រ្គាមជើងគោក ចូលទៅក្រុងភាគខាងត្បូងបំផុតនៃតំបន់ហ្គាហ្សា ដែលខ្លួនចាត់ទុកថាជាទីកន្លែងលាក់ខ្លួនចុងក្រោយរបស់ក្រុមហាម៉ាស បន្ទាប់ពីធ្វើសង្រ្គាមជិត ៥ខែមកនេះ៕

រូបភាពពី AFP