(មូស្គូ)៖ ផ្អែកលើប្រភពពីក្រសួងការបរទេសរុស្ស៉ី ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា រុស្ស៉ីបានផ្អាកបង់ថវិកាប្រចាំឆ្នាំ ដល់ក្រុមប្រឹក្សាតំបន់អាកទិក (Arctic Council) រហូតដល់មានការចាប់ផ្តើមធ្វើការងារពិតប្រាកដឡើងវិញ ពីសំណាក់ប្រទេសជាសមាជិកទាំងអស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤។

កិច្ចសហប្រតិបត្តិការ រវាងស្ថាប័នអន្តររដ្ឋាភិបាលនៃប្រទេសក្នុងតំបន់អាកទិកខាងលិច និងទីក្រុងមូស្គូបានជាប់គាំង បន្ទាប់ពីរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន។ ការងារនៃក្រុមប្រឹក្សាដែលមានប្រទេសចំនួន ៨ ដូចជាហ្វាំងឡង់ ន័រវែស អ៉ីស្លង់ ស៊ុយអែត រុស្ស៉ី ដាណឺម៉ាក កាណាដា និងសហរដ្ឋអាមេរិក បានចងបង្កើតជាកិច្ចព្រមព្រៀងជាច្រើន ស្តីពីកិច្ចការការពារនិងអភិរក្សបរិស្ថាន។ ក្រសួងការបរទេសរុស្ស៉ី បានប្រាប់ RIA ថា «ឥឡូវនេះ ការបង់ប្រាក់ចំណែកប្រចាំឆ្នាំសម្រាប់ក្រុមប្រឹក្សាអាកទិករបស់រុស្ស៉ី ត្រូវបានផ្អាករហូតដល់មានការបន្តការងារ ក្នុងទម្រង់ផ្លូវការឡើងវិញ ដោយមានការចូលរួមពីប្រទេសជាសមាជិកទាំងអស់»

គួរបញ្ជាក់ថា បើតាមប្រធានសភាជាន់ទាបរបស់រុស្ស៉ី គឺសភាគ្រោងមានការបោះឆ្នោតមួយនាសប្តាហ៍ក្រោយ ស្តីពីការចាកចេញរបស់រុស្ស៉ី ពីអង្គការសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការ (OSCE) ហើយក៏នឹងពិចារណាលើលទ្ធភាព នៃការចាកចេញពីអង្គការអន្តរជាតិ ដទៃទៀតផងដែរ៕

រូបភាពពី Reuters