(សេអ៊ូល)៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសឱ្យដឹងនៅថ្ងៃពុធនេះថា លោក Yoon Suk Yeol បានសម្រេចចិត្ត​ពន្យារពេលដំណើរបំពេញទស្សនកិច្ច ទៅកាន់ប្រទេសអាល្លឺម៉ង់និងដាណឺម៉ាក ដែលគ្រោងធ្វើឡើងនាសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

កន្លងមក លោក Yoon បានរៀបគម្រោងចេញដំណើរ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ឆ្ពោះទៅកាន់អាល្លឺម៉ង់ ដើម្បីបើកកិច្ចពិភាក្សាជាមួយ ​អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ដែលបានមកបំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូល កាលពីខែឧសភា ឆ្នាំមុន ហើយបន្ទាប់ពី​អាល្លឺម៉ង់ លោក Yoon នឹងបន្តដំណើរទៅទីក្រុងកូប៉ិនហាកបន្ថែមទៀត។ យ៉ាងណាមិញ ការិយាល័យលោក Yoon បានប្រកាសថា គម្រោងបំពេញទស្សនកិច្ចនេះ ត្រូវបានពន្យារពេលវិញ ក្រោយមានការពិចារណាលើបញ្ហាជាច្រើន និងការប្រឹក្សាជាមួយប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ការពន្យារពេលទស្សនកិច្ចនៅប្រទេសខាងលើកើតមានឡើង ស្របពេលដែលគណបក្សរបស់លោក Yoon កំពុងព្យាយាម​ដណ្តើមកាន់កាប់ សំឡេងភាគច្រើន នៅសភាពីក្រុមប្រឆាំងមកវិញ តាមរយៈការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១០ ខែមេសា។ សមាជិកសភាបក្សប្រឆាំងមួយចំនួន ធ្លាប់ចោទលោក Yoon ថា ហាក់បំពេញទស្សនិច្ចចេញក្រៅប្រទេសញឹកញាប់ពេក ហើយមិនទទួល​បានសមិទ្ធផលធំដុំអ្វីនោះឡើយ ខណៈការិយាល័យលោក បានច្រានចោលការចោទប្រកាន់នេះ៕

រូបភាពពី Reuters