(មូស្គូ)៖ មជ្ឈមណ្ឌលស្រាវជ្រាវឈានមុខមួយ បានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា រុស្ស៉ីបានបាត់បង់រថក្រោះជាង ៣,០០០គ្រឿងក្នុងសង្រ្គាមជាមួយអ៊ុយក្រែន ដែលស្មើនឹងចំនួនរថក្រោះទាំងអស់ដែលខ្លួនមានមុនពេលសង្គ្រាម ប៉ុន្តែនៅមានរថពាសដែកគុណភាពទាបគ្រប់គ្រាន់ក្នុងស្តុកចាស់ សម្រាប់យកមកជំនួស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤។

វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាអំពីយុទ្ធសាស្ត្រ (International Institute for Strategic Studies) ហៅកាត់ថា IISS បានឱ្យដឹងទៀតថា អ៊ុយក្រែនក៏រងការខាតបង់ធ្ងន់ធ្ងរដែរ ចាប់តាំងពីរុស្ស៉ីបើកការឈ្លានពានមក ប៉ុន្តែការបំពេញបន្ថែមនូវសម្ភារៈយោធារបស់លោកខាងលិច ជួយឱ្យរក្សាបាននូវឃ្លាំងស្តុកអាវុធរបស់ខ្លួន ខណៈដែលគុណភាពនៃអាវុធកាន់តែប្រសើរឡើង។

បើតាម IISS ទោះបីជាបានបាត់បង់រថក្រោះច្រើនក្តី រួមទាំងការប៉ាន់ប្រមាណក្នុងចំនួន ១,១២០គ្រឿងកាលពីឆ្នាំ ២០២៣ ក៏រុស្ស៉ីនៅតែមានលើសអ៊ុយក្រែនពីរដងសម្រាប់ការប្រយុទ្ធគ្នា។ លោក Henry Boyd អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថាននេះ បាននិយាយថា រុស្ស៉ីមានសមត្ថភាពសូម្បីតែនៅក្នុងលក្ខខណ្ឌនៃការដាក់ជំនួសរថក្រោះដែលបាត់បង់។

តាមការប៉ាន់ប្រមាណ រុស្ស៉ីបានដាក់ពង្រាយរថក្រោះប្រមាណពី ១,០០០គ្រឿងទៅ ១,៥០០គ្រឿងបន្ថែមទៀតក្នុងមួយឆ្នាំកន្លងទៅ ប៉ុន្តែក្នុងចំណោមរថក្រោះទាំងនោះយ៉ាងច្រើនមាន ២០០គ្រឿងដែលទើបផលិតថ្មី ហើយភាគច្រើនគឺកែកុនម៉ូដែលចាស់ៗ។ ជុំវិញរបាយការណ៍នេះ ក្រសួងការពារជាតិរុស្ស៉ី បានបដិសេធធ្វើអត្ថាធិប្បាយ។

គួរបញ្ជាក់ថា សង្រ្គាមរវាងរុស្ស៉ី-អ៊ុយក្រែនជិត ៣ឆ្នាំមកនេះ នៅមិនទាន់មានសញ្ញានៃការបិទបញ្ចប់ទេ ខណៈអ៊ុយក្រែន ទើបដោះដូរមេបញ្ជាការយោធាសំខាន់ៗមួយចំនួន រីឯរុស្ស៉ី បានដាក់សេដ្ឋកិច្ចរបស់ខ្លួននៅលើមូលដ្ឋានសង្រ្គាម ហើយផ្លាស់ប្តូររោងចក្រឧស្សាហកម្មការពារជាតិ ទៅជាផលិតកម្មវិលជុំ៕

រូបភាពពី Reuters