(វីលនីញូស)៖ ទីភ្នាក់ងារស៉ើបការសម្ងាត់របស់ប្រទេសអេស្តូនី បានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា រុស្ស៉ីកំពុងរៀបចំខ្លួនសម្រាប់ការប្រឈមមុខផ្នែកយោធាជាមួយលោកខាងលិច ដែលអាចធ្វើឡើងដោយការកសាងកងកម្លាំងប្រដាប់អាវុធ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤។

លោក Kaupo Rosin ប្រធាននៃទីភ្នាក់ងារនេះ បាននិយាយថា វាជាការវាយតម្លៃដោយផ្អែកលើផែនការរបស់រុស្ស៉ី ជុំវិញការបង្កើនកម្លាំងទ័ពទ្វេដងឱ្យឈរជើងនៅតាមបណ្តោយព្រំដែនរបស់ខ្លួន ជាមួយបណ្តាប្រទេសជាសមាជិកអង្គការណាតូ (NATO) ដូចជាហ្វាំងឡង់ និងប្រទេសក្នុងតំបន់បាល់ទិកដ៏ទៃទៀត មានអេស្តូនី លីទុយអានី និងឡេតូនី។

លោក Kaupo Rosin បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មាន នៅពេលចេញផ្សាយរបាយការណ៍ស្តីពីការគំរាមកំហែងសន្តិសុខជាតិ យ៉ាងដូច្នេះថា «រុស្ស៉ីបានជ្រើសយកផ្លូវមួយ ដែលជាការប្រឈមមុខគ្នារយៈពេលវែង...ហើយវិមានក្រឹមឡាំង ក៏ប្រហែលជាកំពុងប្រមើលមើលអំពីជម្លោះ ដែលអាចកើតមានជាមួយណាតូនៅ ១០ឆ្នាំក្រោយ»។ លោក Kaupo Rosin បានបន្ថែមថា «បើយើងមិនត្រៀមខ្លួនទេ លទ្ធភាពនៃការវាយប្រហារដោយយោធារុស្ស៉ី នឹងមានប្រៀបជាងការដែលមិនបានត្រៀមលក្ខណៈអ្វីសោះ»

គួរបញ្ជាក់ថា មន្ត្រីលោកខាងលិចកាន់តែច្រើន បានព្រមានអំពីការគំរាមកំហែងផ្នែកយោធាពីរុស្ស៉ី ដល់បណ្តាប្រទេសនៅតាមបណ្តោយភាគខាងកើតនៃអង្គការណាតូ ដោយអំពាវនាវសម្រាប់អឺរ៉ុបត្រៀមខ្លួនឱ្យបានរួចរាល់ចំពោះករណីនេះ៕

រូបភាពពី Reuters