(រ៉ាហ្វា)៖ មន្ត្រីអេហ្ស៊ីបពីរនាក់ និងអ្នកការទូតលោកខាងលិចបានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា អេហ្ស៊ីបគំរាមផ្អាកសន្ធិសញ្ញាសន្តិភាពជាមួយអ៊ីស្រាអែល ប្រសិនបើកងកម្លាំងអ៊ីស្រាអែលត្រូវបានបញ្ជូនទៅកាន់ទីក្រុង Rafah ជាប់ព្រំដែនរបស់ខ្លួន ហើយនិយាយថា ការប្រយុទ្ធនៅទីនោះ អាចនាំទៅដល់ការបិទផ្លូវផ្គត់ផ្គង់ជំនួយសំខាន់នៅតំបន់ហ្គាហ្សាស្ទ្រីប។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។

ការគម្រាមផ្អាកកិច្ចព្រមព្រៀង Camp David ដែលជាមូលដ្ឋានគ្រឹះ នៃស្ថិរភាពក្នុងតំបន់អស់រយៈពេលជិតកន្លះសតវត្សមកនេះ បានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ការបញ្ជូនកងទ័ពទៅកាន់ទីក្រុង Rafah គឺជាការចាំបាច់ដើម្បីសម្រេចបាននូវជ័យជម្នះ នៅក្នុងសង្គ្រាមរយៈពេល ៤ខែប្រឆាំងនឹងចលនាហាម៉ាសប៉ាឡេស្ទីន។

ជាងពាក់កណ្តាលនៃប្រជាជន ២.៣ លាននាក់នៅក្នុងតំបន់ហ្គាហ្សា បានភៀសខ្លួនទៅកាន់ទីក្រុង Rafah ដើម្បីគេចពីការប្រយុទ្ធគ្នានៅកន្លែងផ្សេង ដោយជម្រកក្នុងជំរុំដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិនៅជិតព្រំដែនអេហ្ស៊ីប។

គួរបញ្ជាក់ថា ការប្រឈមមុខដាក់គ្នារវាងអ៊ីស្រាអែល និងអេហ្ស៊ីប ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធពីររបស់សហរដ្ឋអាមេរិក កើតឡើងនៅពេលដែលក្រុមផ្តល់ជំនួយមនុស្សធម៍ព្រមានថា ការវាយលុកលើទីក្រុងរ៉ាហ្វានឹងធ្វើឱ្យស្ថានការណ៍មនុស្សធម៌ដ៏មហន្តរាយរួចទៅហើយនៅក្នុងតំបន់ហ្គាហ្សា នឹង​កាន់តែ​យ៉ាប់យ៉ឺន​ថែមទៀត​ ខណៈវាជាជម្រកនៃប្រជាជនប្រហែល ៨០% ដែលបានភៀសខ្លួនចេញពីស្រុកកំណើត៕

រូបភាពពី AFP