(កៀវ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អ៊ុយក្រែននិងរុស្ស៉ីបានប្រកាសឱ្យដឹងថា ប្រទេសទាំងពីរទើបតែបានដោះដូរឈ្លើយសឹកគ្នា ចំនួ ១០០នាក់ថែមទៀត ក្រោមការជួយសម្រុះសម្រួលរបស់អេមីរ៉ាតអារ៉ាប់រួម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ភាគច្រើននៃឈ្លើយសឹកដែលត្រឡប់មកវិញ គឺបានចូលរួមនៅក្នុង​កិច្ចប្រឹងប្រែងតស៊ូការពារទីក្រុងយុទ្ធសាស្រ្ត Mariupol ដែលទីបំផុតត្រូវកងកម្លាំងរុស្ស៉ី វាយដណ្តើមយកបាន កាលពីខែឧសភា ឆ្នាំ២០២២។ ទីភ្នាក់ងារអ៊ុយក្រែនទទួលបន្ទុកកិច្ចការដោះដូរអ្នកទោសសង្រ្គាម បានប្រាប់ថា ឈ្លើយសឹកអ៊ុយក្រេនសរុប៨៤នាក់ ក្នុងចំណោមនោះ បានចូលរួមការការពារទីក្រុង Mariupol ខណៈប៉ុន្មាននាក់ផ្សេងទៀត គឺជាទាហានដែលបានប្រយុទ្ធតស៊ូនៅកន្លែងដទៃទៀត នៃតំបន់ Donetsk និង Luhansk ដែលឥឡូវ​ស្ថិតក្រោមការត្រួតត្រាដោយផ្នែករបស់កងកម្លាំងរុស្ស៉ី។

គួរបញ្ជាក់ថា យោងតាមទីក្រុងកៀវ គិតមកទល់ពេលនេះ ឈ្លើយសឹកអ៊ុយក្រែនសរុបចំនួន៣,១៣៥នាក់ហើយ​ ត្រូវបាននាំត្រឡប់មកដល់​មាតុភូមិរបស់ពួកគេវិញ ចាប់តាំងតែពីសង្រ្គាមបានផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕