(ហ្សាការតា)៖ លទ្ធផលស្ទង់មតិថ្មីចុងក្រោយបំផុត បានបង្ហាញនៅថ្ងៃសុក្រនេះថា បេក្ខជនប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prabowo Subianto នឹងទទួលបានសំឡេងគាំទ្រលើស៥០ភាគរយ ដែលចាំបាច់ដើម្បីក្លាយជា អ្នកទទួលជ័យជម្នះ ក្នុងការបោះឆ្នោតថ្ងៃទី១៤ កុម្ភៈ ពោលគឺនៅជុំដំបូងតែម្តង ដោយមិនចាំបាច់មានការបោះឆ្នោតជុំបន្ទាប់ទៀតឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងចំណោមមនុស្ស១,២០០នាក់ ដែលត្រូវបានស្ទាបស្ទង់មតិ ដោយស្ថាប័នស្រាវជ្រាវ Indikator Politik Indonesia កាលពីចន្លោះ​ថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី៤ ខែកុម្ភៈ ៥១.៨ភាគរយ បានឆ្លើយថា ពួកគេនឹងបោះឆ្នោតឱ្យលោក Prabowo ខណៈ២៤.‌១ភាគរយ និង ១៩.៦ភាគរយទៀត ថានឹងបោះឱ្យគូប្រជែងរបស់លោក គឺលោក Anies Baswedan និង លោក Ganjar Pranowo។

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឥណ្ឌូណេស៉ីអាណត្តិនេះ គឺជាការចូលរួមប្រកួតប្រជែងលើកទី៣ហើយ សម្រាប់លោក Prabowo ដែលបច្ចុប្បន្នជារដ្ឋមន្រ្តីការពារជាតិ។ កន្លងមក រូបលោកបានទទួលបរាជ័យ២លើកជាប់គ្នា ក្រោមថ្វីដៃរបស់ប្រធានាធិបតីលោក Joko Widodo ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៩។

គួរបញ្ជាក់ថា ខណៈលទ្ធផលស្ទង់មតិជាបន្តបន្ទាប់ នាពេលកន្លងទៅ បានបង្ហាញថា លោក Prabowo គឺជាបេក្ខជននាំមុខគូប្រជែង លទ្ធផលស្ទង់មតិនាថ្ងៃសុក្រនេះ គឺជាលើកដំបូងបំផុត ដែលរូបលោកត្រូវបានព្យាករថា នឹងទទួលបានសំឡេងគាំទ្រលើស៥០ភាគរយ។ ការបោះឆ្នោតជុំទី២នឹងត្រូវធ្វើឡើង ប្រសិនបើពុំមានបេក្ខជនណាម្នាក់ ទទួលបានសំឡេងលើស៥០ភាគរយ ទេនោះ៕

រូបភាពពី​ Reuters