(យូអិន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានសន្យាថានឹងចាត់វិធានការភ្លាមៗ ករណីមានព័ត៌មានថ្មីណាមួយពីអ៉ីស្រាអែល អំពីភាពជាប់ព័ន្ធរបស់ UN ជាមួយក្រុមហាម៉ាស ក្រោយបុគ្គលិក UN ៩នាក់បម្រើការនៅតំបន់ហ្គាហ្សា ទើបត្រូវបណ្តេញចេញពីការងារកាលពីខែមករា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ ២០២៤។

មានការស៉ើបអង្កេតផ្ទៃក្នុង UN នៅពេលសហរដ្ឋអាមេរិក ដែលជាម្ចាស់ជំនួយដ៏ធំបំផុតរបស់ទីភ្នាក់ងារជួយសង្រ្គោះរបស់ UN ប្រចាំដែនដីប៉ាឡេស្ទីន (UNRWA) រួមជាមួយប្រទេសផ្សេងទៀតបានផ្អាកការផ្តល់មូលនិធិ បន្ទាប់ពីអ៉ីស្រាអែលចោទថាប្រកាន់បុគ្គលិក ១២នាក់នៃទីភ្នាក់ងារនេះបានចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាស។ លោក Guterres បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «រឿងមួយដែលអាចប្រាកដបាននោះគឺ បើទោះបីជាគណៈប្រតិភូ UN ឋានៈណាក៏ដោយ ដែលរដ្ឋាភិបាលអ៉ីស្រាអែលឱ្យដំណឹងថា មានទំនាក់ទំនងជាមួយក្រុមហាម៉ាស យើងនឹងចាត់វិធានការភ្លាមៗ»

គួរបញ្ជាក់ថា ប៉ាឡេស្ទីន បានចោទប្រកាន់អ៉ីស្រាអែលថា ក្លែងបន្លំព័ត៌មានដើម្បីបង្ខូចឈ្មោះ UNRWA។ UNRWA បាននិងកំពុងជួយដល់មនុស្សចំនួន ១៣,០០០នាក់នៅហ្គាហ្សាលើសាលាដែលកំពុងដំណើរការ គ្លីនិកថែទាំសុខភាពបឋម និងសេវាសង្គមផ្សេងទៀត ក៏ដូចជាការចែកចាយជំនួយមនុស្សធម៌៕

រូបភាពពី Reuters