(កៀវ)៖ អ៊ុយក្រែន នៅថ្ងៃសោរ៍ ទី២៥ ខែវិច្ឆិកានេះបានអះអាងពីការបាញ់ទម្លាក់យន្ដហោះដ្រូនរុស្ស៉ី ៧១គ្រឿង ពេញមួយយប់ថ្ងៃសៅរ៍កន្លងទៅនេះ ដែលក្រុមមន្ត្រីក្នុងរដ្ឋធានីកៀវ ចាត់ទុកថាជាការវាយប្រហារដ៏ធំបំផុតលើរដ្ឋធានីមួយនេះ ចាប់តាំងពីសង្រ្គាមឈ្លានពានផ្ទុះឡើងមក។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

បើតាមក្រុមមន្ត្រីអ៊ុយក្រែន មនុស្ស៥នាក់បានរងរបួស ក្នុងការវាយប្រហារដោយយន្ដហោះដ្រូនពីសំណាក់រុស្ស៉ី ក្នុងនោះមានទាំងកុមារម្នាក់មានអាយុ ១១ឆ្នាំផងដែរ។ កងកម្លាំងការពារដែនអាកាសអ៊ុយក្រែន បានគូសបញ្ជាក់លើបណ្ដាញទំនាក់ទំនងសង្គមដូច្នេះថា «កងកម្លាំងការពារដែនអាកាស បានបាញ់ទម្លាក់យន្ដហោះដ្រូន Shahed ៧១គ្រឿង ហើយយន្ដហោះដ្រូនទាំងនេះភាគច្រើនត្រូវបានបាញ់កម្ទេចនៅលើតំបន់រដ្ឋធានីកៀវ»

គួរបញ្ជាក់ថា អ៊ុយក្រែន បានប្រកាសអាសន្នពីការវាយប្រហារតាមផ្លូវអាកាស រយៈពេល ៦ម៉ោង រីឯបំណែកយន្ដហោះដ្រូនបានផ្ទុះឆេះលើអាកាស និងបានធ្លាក់ដោយបង្កការខូចខាតដល់អគារមួយចំនួនក្នុងរដ្ឋធានីកៀវ។ ការវាយប្រហារដោយយន្ដហោះដ្រូនរបស់រុស្ស៉ី កើតមានឡើងចំថ្ងៃដែល អ៊ុយក្រែន ប្រារព្ធខួបរំឮកដល់ព្រឹត្តិការណ៍ Holodomor ជាគ្រោះទុរភិក្សមួយដែលបានសម្លាប់ជនជាតិអ៊ុយក្រែនរាប់លាននាក់ នៅក្រោមការដឹកនាំ ដោយអតីតមេដឹកនាំសូវៀត Joseph Stalin អំឡុងទសវត្សរ៍ឆ្នាំ១៩៣០៕

រូបភាពពី Reuters