(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK នៅថ្ងៃសោរ៍ ទី២៥ ខែវិច្ឆិកានេះ បានឱ្យដឹងថាជប៉ុនបានរកឃើញករណីដំបូងនៃមេរោគផ្ដាសាយបក្សី ប្រភេទ H5 ក្នុងរដូវកាលជំងឺផ្ដាសាយបក្សីនៅឆ្នាំនេះ នៅឯកសិដ្ឋានចិញ្ចឹមសត្វមាន់មួយកន្លែងស្ថិតនៅភាគខាងត្បូងនៃប្រទេស។ នេះបើ តាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

NHK ដោយផ្អែកលើមន្ត្រីម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះមកពីក្រសួងកសិកម្មជប៉ុន បានបញ្ជាក់ថាអាជ្ញាធរក្នុងខេត្ត Saga នឹងសម្លាប់ សត្វមាន់ ៤០,០០០ក្បាលនៅឯកសិដ្ឋានខាងលើ។ ប៉ុន្តែភ្លាមៗ ខាងក្រុមមន្ត្រីក្រសួងកសិកម្មជប៉ុនមិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ។ តាម NHK លោកនាយករដ្ឋមន្ត្រី Fumio Kishida នឹងកោះប្រជុំជាមួយក្រុមមន្ត្រីពាក់ព័ន្ធ ដើម្បីពិភាក្សាពីការដាក់ចេញវិធានការទប់ស្កាត់ការឆ្លង រាលដាលជំងឺផ្ដាសាយបក្សី។

គួរបញ្ជាក់ថា ករណីឆ្លងមេរោគផ្ដាសាយបក្សីប្រភេទ H5 ត្រូវបានរកឃើញតាមរយៈការធ្វើតេស្ដលើហ្សែន ក្រោយមានសត្វមាន់ជាច្រើនក្បាល បានងាប់ នៅឯកសិដ្ឋានកាលពីថ្ងៃសុក្រសប្ដាហ៍នេះ។ កាលពីរដូវកាលជំងឺផ្ដាសាយបក្សីឆ្នាំមុន ជប៉ុនបានសម្លាប់សត្វមាន់ជាង ១៧.៧លានក្បាល៕

រូបភាពពី Reuters