(ម៉ានីល)៖ ហ្វីលីពីន និងអូស្តា្រលី នៅថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកានេះបានចាប់ផ្ដើមធ្វើប្រតិបត្តិការល្បាតសមុទ្រ និងដែនអាកាសរួមគ្នា នៅតំបន់សមុទ្រចិនខាងត្បូង ប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងម៉ានីលធ្វើប្រតិបត្តិការស្រដៀងគ្នានេះដែរជាមួយសហរដ្ឋអាមេរិក នៅចំពោះមុខភាពតានតឹង ជាមួយចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រតិបត្តិការខាងលើ ធ្វើឡើងក្រោមក្របខណ្ឌនៃការធ្វើសមយុទ្ធយោធារួមគ្នារយៈពេល ៣ថ្ងៃ ត្រូវបានប្រកាសដោយលោកប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅលើបណ្ដាញទំនាក់ទំនងសង្គម ក្រោយមានកិច្ចពិភាក្សារវាងហ្វីលីពីន និងអូស្ត្រាលី កាលពីដើមឆ្នាំកន្លងទៅនេះ ស្ដីពីការធ្វើប្រតិបត្តិការល្បាតរួមគ្នា ជាការបង្ហាញនូវអ្វីដែលប្រទេសទាំង២ហៅថាជាការប្ដេជ្ញាចិត្តការពារសណ្ដាប់ធ្នាប់ផ្អែកលើច្បាប់ជាមូលដ្ឋាន។

គួរបញ្ជាក់ថា ប្រតិបត្តិការល្បាតរួមគ្នារវាងហ្វីលីពីន និងអូស្ត្រាលី នឹងត្រូវធ្វើឡើងនៅក្នុងតំបន់សមុទ្រហ្វីលីពីនភាគខាងលិច ដែលទីក្រុងម៉ានីលចង់ សំដៅលើដែនទឹកនៃតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួនក្នុងតំបន់សមុទ្រចិនខាងត្បូង។ យោធាហ្វីលីពីនក៏បានឱ្យដឹងដែរថានាវា ២គ្រឿងរបស់ខ្លួន និងយន្ដហោះល្បាតស៊ើបការណ៍ ៥គ្រឿង​នឹងចូលរួមក្នុងការល្បាត ជាមួយនាវាចម្បាំង Toowoomba និងយន្ដហោះស៊ើបការណ៍ P8-A របស់ អូស្ត្រាលី៕

រូបភាពពី Reuters