(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាអ៊ុយក្រែនត្រូវការជាចាំបាច់នូវជ័យជម្នះចំនួន៣ នៅលើឆាក អន្តរជាតិ ក្នុងនោះរួមមានការអនុម័តកញ្ចប់ជំនួយពីសភាអាមេរិក និងសហភាពអឺរ៉ុប ព្រមទាំងការចាប់ផ្ដើមជាផ្លូវការកិច្ចចរចាស្ដីពីសមាជិកភាព នៅក្នុងសហភាពអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងកៀវ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «យើងត្រូវការជ័យជម្នះ៣។ ទី១ គឺការអនុម័ត កញ្ចប់ជំនួយដ៏ធំពីសភាអាមេរិក។ ទី២ យើងត្រូវការជាចំបាច់ការជួយពីសហភាពអឺរ៉ុបលើកញ្ចប់ជំនួយទំហំ ៥០ពាន់លានអឺរ៉ូ និងទី៣ គឺការបើក ចំហកិច្ចចរចាស្ដីពីអនាគតសមាជិកភាពរបស់ពួកយើង»។ លោក ហ្សេលេនស្គី ក៏បានប្រកាសផងដែរពីការបណ្ដេញមេបញ្ជាការរងអ៊ុយក្រែន ៤នាក់ចេញពីតំណែង តែមិនបានបញ្ជាក់ពីមូលហេតុទេ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក ចូ បៃដិន បានស្នើឱ្យសភាទាំង២របស់សហរដ្ឋអាមេរិកទម្លាក់កញ្ចប់ថវិការាប់ពាន់លានដុល្លារ សម្រាប់ អ៊ុយក្រែន។ ប៉ុន្តែ កញ្ចប់ជំនួយយោធាសម្រាប់អ៊ុយក្រែនត្រូវបានដកចេញពីកញ្ចប់ថវិកាបណ្ដោះអាសន្នដើម្បីបញ្ចៀសការបិទរដ្ឋាភិបាលអាមេរិក កាលពីសប្ដាហ៍មុន ស្របពេលក្រុមអ្នកសាធារណរដ្ឋមួយចំនួនប្រកាន់ជំហរតឹងរ៉ឹងប្រឆាំងនឹងការផ្ដល់ជំនួយដល់ទីក្រុងកៀវ ចំពោះមុខសង្រ្គាម រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស៕

រូបភាពពី ReutersP