(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បាននិយាយថាជនជាតិថៃ ១២នាក់ដែលត្រូវបានចាប់ជាចំណាប់ខ្មាំង អំឡុង ការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៉ីស្រាអែលកាលពីខែតុលា ត្រូវបានដោះលែងកាលពីថ្ងៃសុក្រសប្ដាហ៍នេះ ប៉ុន្មានម៉ោងក្រោយ បទឈប់បាញ់រយៈពេល៤ថ្ងៃ ក្នុងសង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាសចូលជាធរមាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅលើបណ្ដាញទំនាក់ទំនងសង្គម X លោក Srettha Thavisin បានគូសបញ្ជាក់ដូច្នេះថា «ការទទួលស្គាល់ដោយផ្នែកសន្តិសុខ និងក្រសួង ការបរទេស បានបញ្ជាក់ថាចំណាប់ខ្មាំងជាជនជាតិថៃ ១២នាក់ត្រូវបានដោះលែងហើយ។ ក្រុមមន្ត្រីស្ថានទូតកំពុងធ្វើដំណើរទៅជួបពួកគេ ហើយឈ្មោះ និងអត្តសញ្ញាណរបស់ពួកគេនឹងត្រូវបានបញ្ជាក់»

គួរបញ្ជាក់ថា បើតាមអាជ្ញាធរថៃ ជនជាតិថៃសរុប ២៥នាក់ គឺសិ្ថតនៅក្នុងចំណោមចំណាប់ខ្មាំង ២៤០នាក់ ដែលត្រូវបានក្រុមហាម៉ាសចាប់ ខ្លួន អំឡុងការវាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា។ តាមក្រសួងការងាររបស់ថៃ ជនជាតិថៃជាង ៣០,០០០នាក់ កំពុងធ្វើការនៅក្នុងប្រទេសអ៉ីស្រាអែល ភាគច្រើននៅក្នុងវិស័យកសិកម្ម៕

រូបភាពពី ReutersP